ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី»គោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យអាណាព្យាបាល ជំរុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្នមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» រៀបចំឡើងក្នុងគោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា បំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ចេះអនាម័យ សម្អាតខ្លួនប្រាណ និងដើម្បីអគុណចំពោះលោកគ្រូ អ្នកគ្រូ ចំពោះការខិតខំប្រឹងប្រែងបង្រៀនដល់សិស្សានុសិស្ស កន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជម្រុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ ក៏ដូចជាឱ្យកុមារដឹងថា ក្រៅពីឪពុកម្តាយ ឬអាណាព្យាបាលនៅផ្ទះ មានប៉ាម៉ានីម្នាក់ទៀត ចាំជួយទំនុកបម្រុង និងយកចិត្តទុកដាក់ចំពោះកូនៗ និងចែករំលែកក្តីស្រលាញ់ពីប៉ាម៉ានី តាមរយៈការផ្តល់អាហារឆ្ងាញ់ និងលេងល្បែងកំសាន្ត ពិសេសបណ្តុះគំនិតឱ្យកុមារចេះសហការធ្វើការងារជាក្រុមតាមរយៈការលេងល្បែងកំសាន្តនានា។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការងារសារធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ជើញ សួរសុខទុក្ខកុមារ អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមការងារប៉ាម៉ានី និងលោកស្រី ឈីវ ភិរម្យ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយក្រុងច្បារមន និងសហការី ព្រមទាំង ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុងច្បារមន និងសង្កាត់រការធំ មន្រ្តីរាជការជុំវិញខេត្ត ក្រុង និងសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល សាលាបឋមសិក្សាសន្តិភាព, បឋមសិក្សារការធំ, បឋមសិក្សាភូមិថ្មី និងបឋមសិក្សាអនុវត្តន៍ នៃសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ យ៉ាងច្រើនកុះករ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តកូនៗ សិស្សានុសិស្សទាំងអស់ ក្នុងសង្កាត់រកាធំ ក៏ដូចជាទូទាំងប្រទេស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលជោគជ័យក្នុងជីវិត និងចូលរួមការប្រកួតប្រជែងនានា ប្រកបដោយការប្រុងប្រយ័ត្ន និងដោយភាពទទួលខុសត្រូវខ្ពស់ ហើយសូមឱ្យកូនៗដែលជាសិស្សានុសិស្ស ទាំងអស់ ត្រូវតែទទួលស្គាល់ និងត្រូវតែគោរពដល់អ្នកមានគុណដែលបានអប់រំណែនាំ និងបណ្តុះបណ្តាលដល់យើងទាំងអស់គ្នា ។
សិស្សានុសិស្ស អ្នកអាណាព្យាបាល ក៏ដូចជា លោកគ្រូអ្នកគ្រូ បានបង្ហាញនូវសេចក្តីសប្បាយរីការាយជាមួយនិងកម្មវិធីនេះ ដោយទទួលបាននូវការផ្តល់ដំបូន្មានពីថ្នាក់ដឹកនាំ ក៏ដូចជាជំរុញដល់សិស្សានុសិស្សឱ្យកាន់តែមានភាពរឹងមាំផ្នែកសតិអារម្មណ៍ ប្រាជ្ញាស្មារតី សំរាប់ជីវិពិសេសទៅលើការសិក្សាផងដែរ។
ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមការងារប៉ាម៉ានី បានគូសបញ្ជាក់ថា កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» គឺជាការផ្តូចផ្តើមឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែរៀបចំកម្មវិធីនេះជាមួយសិស្សសាលាបឋមសិក្សានៅក្នុងខេត្តកំពង់ស្ពឺ ។ ឯកឧត្តម បន្ថែមថា នេះជាលើកទី១៩ ហើយសម្រាប់ខេត្តកំពង់ស្ពឺ ហើយជាទិសដៅ ពេលខាងមុខ គ្រោងនិងរៀបចំឡើងជារៀងរាល់២ខែម្តង ដើម្បីឱ្យបានគ្រប់សាលាបឋមសិក្សាជាង ៣០០នៅក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ៕
Leave a Reply