មហាសេដ្ឋី Elon Musk នឹងដឹកនាំគណបក្សថ្មី America Party តតាំងជាមួយ លោក Trump

បរទេស ៖ លោក មហាសេដ្ឋី Elon Musk បានឲ្យដឹង កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា ថា លោកនឹងដឹកនាំគណបក្សថ្មី America Party ប្រជែង តតាំងជាមួយ លោកប្រធានាធិបតី Donald Trump ពោលគឺបន្ទាប់ពីសម្ព័ន្ធមិត្តដ៏ជិតស្និតនឹងគ្នា ទាំងពីរនាក់ បានផ្ទុះសង្គ្រាមពាក្យសម្តី ជាមួយគ្នា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN។

លោក Elon Musk បានអះអាង តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មូលហេតុ នៃការបង្កើតគណបក្សថ្មីនេះ គឺដោយសារតែ សហរដ្ឋអាមេរិក កំពុងចាយខ្ជះខ្ជាយ, មានអំពើពុករលួយ ហើយប្រជាជនរស់នៅក្នុងប្រព័ន្ធបក្សតែមួយ មិនមែនជាលទ្ធិប្រជាធិបតេយ្យ ហើយបក្សថ្មីនេះ នឹងនាំមកនូវសេរីភាពឡើងវិញ សម្រាប់ពលរដ្ឋអាមរិក។

បុរសមានដើមកំណើត នៅអាហ្វ្រិកខាងត្បូង រូបនេះ បានឲ្យដឹងផងដែរថា គណបក្ស America Party នឹងក្លាយជាកម្លាំងនយោបាយសកម្ម ក្នុងអំឡុងពេលការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នៅឆ្នាំក្រោយ ហើយអះអាងថា ដំបូងឡើយ បក្សមួយនេះ នឹងផ្តោតលើការគាំទ្របេក្ខជន នៅក្នុងការបោះឆ្នោតសភា និងព្រឹទ្ធសភា។ លោកបន្តថា America Party នឹងផ្តោតលើការអភិរក្ស ផ្នែកសារពើពន្ធ និងគ្រប់គ្រងការចំណាយ ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិត បន្ថែម នៅឡើយទេ។

គួរកត់សម្គាល់ថា ការសម្រេចបង្កើតគណបក្សទីបី ប្រជែងនឹងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ នាពេលនេះ ត្រូវបានប្រកាសប្រាប់ឲ្យដឹង បន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យា រូបនេះ បានផ្ទុះសង្គ្រាមពាក្យសម្តី ជាមួយលោក Donald Trump ជាថ្មី ដោយលោកប្រកាសប្រឆាំងនឹងច្បាប់ថវិកា របស់ប្រធានាធិបតីរូបនេះ ហើយអះអាងថា បើក្លាយជាច្បាប់មែននោះ ប្រជាជនអាមេរិកនឹងក្លាយជា ទាសភាពបំណុល ហើយ សហព័ន្ធនឹងជួបឱនភាព រាប់ពាន់លានដុល្លារ បន្ថែមទៀត។

ជុំវិញរឿងនេះ លោក Trump បាននិយាយ កាលពីថ្ងៃអាទិត្យថា ជារឿងអស់សំណើចណាស់ ក្នុងការចាប់ផ្តើម បង្កើតឲ្យមានបក្សទី៣ ដោយលោកអះអាងថា គណបក្សសាធារណរដ្ឋ កំពុងជោគជ័យយ៉ាងខ្លាំង ជួយតម្រង់ទិស គណបក្សប្រជាធិបតេយ្យ ដែលបានវង្វេងផ្លូវ។ លោកអះអាងទៀតថា ប្រព័ន្ធគណបក្ស ពីរ គឺគ្រាប់គ្រាន់ហើយ មិនចាំបាច់បង្កើតគណបក្សទី៣ នាំឲ្យមានភាពច្របូកច្របល់ នោះទេ។

ក្នុងសង្គ្រាមពាក្យសម្តី លោក Trump ធ្លាប់បានព្រមានថា រដ្ឋាភិបាលអាមេរិក អាចនឹងពិចារណាឡើងវិញ លើកិច្ចសន្យាដ៏ធំរបស់ខ្លួន ជាមួយក្រុមហ៊ុន របស់លោក Musk ហើយគំរាម ប្រើនាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ហៅកាត់ DOGE ដែលលោក Elon Musk ធ្លាប់គ្រប់គ្រង ឲ្យទៅចាត់ការ លើករណីនេះ ទៀតផង។

គួរបញ្ជាក់ដែរថា លោក Musk ធ្លាប់ជួយជ្រោមជ្រែង ការបោះឆ្នោត របស់ប្រធានាធិបតី Trump យ៉ាងខ្លាំង កាលពីឆ្នាំ២០២៤ ហើយក្រោយមក លោក ក៏បានចូលខ្លួនជួយរដ្ឋាភិបាល កាត់បន្ថយចំណាយ និងបណ្តាញមន្ត្រីសហព័ន្ធ ចេញពីការងារដ៏ច្រើនលើសលុប។ ប៉ុន្តែ ចុងក្រោយ លោក Musk បានសម្រេចចិត្ត ចាកចេញពីនាយកដ្ឋាន DOGE វិញ ដើម្បីយកពេល ទៅផ្តោតលើក្រុមហ៊ុន ផ្ទាល់ខ្លួន ឡើងវិញ៕

ប្រភពពី CNN