ប្រមុខការទូតអាមេរិកនឹងហោះទៅកាន់អាស៊ីជាលើកដំបូង

វ៉ាស៊ីនតោន ៖ លោក Marco Rubio នឹងហោះហើរបោះពួយសំដៅឆ្ពោះទៅកាន់តំបន់អាស៊ីជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែងជារដ្ឋមន្រ្តីការបរទេសអាមេរិកផ្លូវការ ហើយដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះ លោកគ្រោងឈប់សំចតនៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តអាស៊ាន។

ការិយាល័យរដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយនៅថ្ងៃទី៧ ខែកក្កដាថា លោក Rubio ដែលបច្ចុប្បន្នកាន់មុខតំណែងជាទីប្រឹក្សាសន្តិសុខអាមេរិកជាតិផងនោះ នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់គាត់ នៅក្នុងថ្ងៃអង្គារនេះតែម្តង ជាមួយនឹងការផ្តល់អទិភាពចម្បងលើគោលនយោបាយអាមេរិកនៅអាស៊ី។

ការបំពេញទស្សនកិច្ចរបស់ប្រមុខការទូតកំពូលអាមេរិកវ័យ ៥៤ឆ្នាំរូបនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump ផ្តោតសំខាន់តែទៅលើសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់តំបន់អាស៊ី ក្នុងនាមជារដ្ឋមន្ត្រីការបរទេស លោក Rubio នឹងផ្តោតសំខាន់លើការបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី បើកចំហ និងសុវត្ថិភាព។

ប្រភពបានបង្ហើបឱ្យដឹងថា នៅពេលឈប់សំចតក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ជាទីដែលលោក Rubio នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov ព្រមទាំងប្រមុខការទូតចិន លោក Wang Yi៕

ប្រភព ៖ AFP