ភ្នំពេញ ៖ ឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចាប់ពីឆ្នាំ២០២៦រហូតដល់ឆ្នាំ២០៣០ខាងមុខ។
ឯកឧត្តម Anatoly Borovik បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីគោលនយោបាយការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។
ឯកឧត្តម Borovik បន្តថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែកក្កដានេះ ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសម៉ាឡេស៊ី ហើយក្នុងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទម្រង់ រុស្ស៊ី-អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ានផងដែរ។
ឯកឧត្តម Borovik បន្ថែមថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរុស្ស៊ី-អាស៊ាន ទីក្រុងម៉ូស្គូរំពឹងថា នឹងមានកិច្ចសន្ទនាបែបស្ថាបនាលើប្រធានបទជាច្រើននៃអន្តរកម្មជាមួយអាស៊ាន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងសង្គម សម្រាប់ឆ្នាំ២០២៦រហូតដល់ឆ្នាំ២០៣០ខាងមុខ ។
ឯកឧត្តមអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះដែរ រុស្ស៊ីបន្តគាំទ្រនូវការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយស្នើគំនិតផ្តួចផ្តើមថ្មី ដែលជាការបង្កើតយន្តការក្នុងតំបន់សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងនៃជំងឺរាតត្បាត និងការធានានូវកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍតំបន់ដាច់ស្រយាល ហើយនៅក្នុងឆ្នាំនេះ រុស្ស៊ីស្នើឱ្យអនុម័តសេចក្តីថ្លែងការណ៍ដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីប្រធានបទនៃទំនាក់ទំនងក្នុងវិស័យសង្គម និងវប្បធម៌៕ អត្ថបទ និង រូបភាព ៖ ឈឹម ទីណា
Leave a Reply