កម្ពុជា-ឆែក មានទំនាក់ទំនងល្អប្រសើរ និងមានកិច្ចសហប្រតិបត្ដិការកាន់តែមានភាពរីកចម្រើន

(ភ្នំពេញ)៖ បច្ចុប្បន្ន កម្ពុជា-ឆែក មានទំនាក់ទំនងល្អប្រសើរ និងមានកិច្ចសហប្រតិបត្ដិការ កាន់តែមានភាពរីកចម្រើន ។ ការលើកឡើងបែបនេះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រយ:ពេលកន្លងមកដែល ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បំពេញភារកិច្ចនៅកម្ពុជា គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ឆែក ឱ្យកាន់តែល្អប្រសើរ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឆែក គឺតែងតែនៅជាមួយកម្ពុជាគ្រប់កាល:ទេស: ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ហើយឆែក បានជួយមកកម្ពុជា ឱ្យតម្លៃកម្ពុជា តាមរយ:ការបង្កើត នូវស្ថានទូតរបស់ខ្លួននៅកម្ពុជា។ សម្ដេចតេជោ បានបន្ថថ្លែងអំណេរគុណ ដល់ឆែក ដែលផ្ដល់ជំនួយនានា សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា ។

សម្ដេចតេជោ បានប្រាប់ទៅកាន់ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា អំពីសាវតានៃជម្លោះ និងស្ថានភាពបច្ចុប្បន្ន នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បញ្ហានេះគឺបានផ្ដើមចេញពីការគូសផែនទីជាឯកតោភាគី របស់ថៃ ការបាញ់ប្រហារបណ្ដាលឲ្យទាហានកម្ពុជា ពលី, ការគំរាមមើលងាយមកលើកម្ពុជា ការគំរាមផ្ដាច់អគ្គិសនី ផ្ដាច់អ៊ីនធើរណេត ការបិទព្រំដែនជាឯកតោភាគី ដែលកត្ដាទាំងអស់នេះហើយ នាំឱ្យកម្ពៅនៃជម្លោះកាន់តែកើនឡើង ។

ក្នុងន័យនេះ សម្ដេចតេជោ បានស្នើ ឯកអគ្គរដ្ឋទូត បន្ដជួយក្នុងការជំរុញទៅដល់ភាគីពាក់ព័ន្ធ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ យកតំបន់ដែលជម្លោះ ទៅដ្រាយបញ្ហាតាមរយ:ច្បាប់អន្ដរជាតិ ខណ:កម្ពុជា មិនចង់មានសង្គ្រាម ។ ដូច្នេះកម្ពុជា ចង់បានការចរចារទ្វេភាគី និងការប្រើប្រាស់យន្ដការច្បាប់អន្ដរជាតិ ដើម្បីដោះស្រាយ ៕