ហ្សឺណែវ ៖ អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែកក្កដា បានឲ្យដឹងថា ជនរងគ្រោះដល់ទៅជាង ៣.០០០នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែការកើនឡើងអំពើហិង្សានៃក្រុមក្មេងទំនើង ដែលបានបង្កព្យុះភ្លៀងនៅក្នុងប្រទេសហៃទី ចាប់តាំងពីដើមឆ្នាំមក។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ភ្លើងហិង្សាបានដុតកម្លោចអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៣.១៤១នាក់នៅទូទាំងប្រទេសហៃទី គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា។
យោងតាមរបាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សបានឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសហៃទី មានចំនួន ៤.៨៦៤ នាក់ ខណៈដែលមនុស្សរាប់សែននាក់ទៀតបានបង្ខំចិត្តរត់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ដើម្បីគេចចេញពីអំពើហិង្សានៃក្រុមក្មេងទំនើង។
របាយការណ៍នេះ បានដាស់តឿនថា ការវាតទីគ្រប់គ្រងទឹកដីរបស់ក្រុមក្មេងទំនើង នឹងបង្កហានិភ័យធំដល់ការរីករាលដាលអំពើហិង្សា និងការបង្កើនការជួញដូរអាវុធ និងមនុស្សឆ្លងដែន ដែលអាចនាំឱ្យមានអស្ថិរភាពយ៉ាងខ្លាំង សម្រាប់បណ្តាប្រទេសនៅក្នុងអនុតំបន់ការ៉ាប៊ីន។
អង្គការនេះបានសង្កត់ធ្ងន់ទៀតថា ដើម្បីការពារអនុតំបន់ការ៉ាប៊ីនធ្លាក់ចូលអស្ថិរភាពឆាប់រហ័សនោះ សហគមន៍អន្តរជាតិត្រូវតែពង្រឹងការគាំទ្រដល់អាជ្ញាធរហៃទី ដែលទទួលខុសត្រូវការពារសិទ្ធិប្រជាជន ព្រមទាំងអង្គការអន្តរជាតិ និងជាតិដែលផ្តល់ជំនួយដល់ក្រុមជនងាយរងគ្រោះ។
គួរកត់សម្គាល់ ហៃទី គឺជាប្រទេសក្រីក្របំផុតមួយនៅអឌ្ឍគោលខាងលិច ជាតំបន់មានប្រទេសជាច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើឃាតកម្ម ការចាប់រំលោភ និងការចាប់ជំរិតជាដើម៕
ប្រភព ៖ AFP
Leave a Reply