អង្គការយូណេស្កូ ទទួលស្គាល់ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលនៃការផ្សះផ្សារនៃសន្តិភាព ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

(ភ្នំពេញ)៖ បូជនីយដ្ឋានចងចាំរបស់កម្ពុជាចំនួន ៣ទីតាំង ត្រូវអង្គការយូណេស្កូ ទទួលស្គាល់ និងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកហើយ នៅក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។

បូជនីយដ្ឋានចងចាំនៃកម្ពុជាទាំង ៣ទីតាំងនោះ រួមមាន ទី១.អតីតមន្ទីរឃុំឃាំង ម.១៣ ដែលរបបខ្មែរក្រហមបានប្រើប្រាស់ជាទីឃុំឃាំងអ្នកទោសមុនឆ្នាំ១៩៧៥ ស្ថិតនៅព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ, ទី២. មន្ទីរឃុំឃាំង ស.២១ ដែលអតីតកាលជាវិទ្យាល័យទួលស្វាយព្រៃ និងបច្ចុប្បន្ន គឺជាសារមន្ទីប្រល័យពូជសាសន៍ទួលស្លែង, និងទី៣ គឺវាលពិឃាដជើងឯក ស្ថិតនៅរាជធានីភ្នំពេញ ។ ទីតាំងទាំង ៣នេះ ត្រូវបានបង្កើតជាបូជនីយដ្ឋានចងចាំនៃកម្ពុជា ។ ការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនេះ បានធ្វើឡើងនៅថ្ងៃទី១១ កក្កដា ២០២៥ វេលាម៉ោង ៥:៣៥នាទីរសៀល ត្រូវនឹងម៉ោង ១០:៣៥នាទីយប់ ម៉ោងនៅកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស នៃប្រទេសបារាំង ។ ការទទួលស្គាល់នេះ គឺបន្ទាប់ពីរយៈពេញមួយសប្តាហ៍កន្លងមក ដែលគណៈកម្មការសម្បតិ្តបេតិកភណ្ឌពិភពលោក បានជួបប្រជុំសម្រេចអនុម័តទៅលើបេក្ខភាពចំនួន ៣០ ដែលបានដាក់ស្នើសុំចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភពលោក ដែលមានរួមទាំងទីតាំងប្រវត្តិសាស្រ្ត, ទីតាំងសម្បត្តិវប្បធម៌ និងទីតាំងអភិរក្សធម្មជាតិផងដែរ ។ គណៈប្រតិភូកម្ពុជា បានដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីធ្វើបទបង្ហាញការពារបេក្ខភាពរបស់កម្ពុជា ដែលបានដាក់ស្នើបេក្ខភាពថ្មីមួយ ដែលមានឈ្មោះផ្លូវការថា បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលនៃការផ្សះផ្សារនៃសន្តិភាព ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការអបអរសាទរ បានថ្លែងសារពិសេសមួយ ក្នុងនាមរាជរដ្ឋភិបាល និងប្រជាជនកម្ពុជា ដោយបានអគុណដល់ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សមាជិកនៃគណៈកម្មាធិការ និងអ្នកជំនាញការទាំងអស់ តាមរយៈការផ្សាយវីដេអូពីចំងាយពីប្រទេសកម្ពុជានេះ ចូលទៅក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនោះ ។
ក្នុងវីដេអូថ្លែងរបស់សម្តេចធិបតីជាភាសាអង់គ្លេស ទៅកាន់អង្គប្រជុំ ដែលមានតំណាងគណៈប្រតិភូនៃសមាជិកអង្គការយូណេស្កូប្រមាណជាង ១០០ប្រទេស បានចូលរួម សម្តេចបានសម្តែងក្តីសោមនស្សក្រៃលែង ប្រកបដោយមនោសញ្ចេតនា និងការអរគុណដ៏ជ្រាលជ្រៅ ចំពោះការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នេះ ។

សម្តេចធិបតីបានថ្លែងថា «ការទទួលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជានេះ មិនត្រឹមតែជាការទទួលស្គាល់ទីតាំងប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលស្គាល់នូវប្រវត្តិសាស្រ្តមួយដ៏សែនឈឺចាប់, ការទទួលស្គាល់ភាពធន់ដ៏គួរឲ្យស្ញប់ស្ញែងរបស់ប្រជាជនកម្ពុជា និងក៏ជាអំណោយមួយយ៉ាងអស្ចារ្យរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោក នូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព»។ រាជរដ្ឋាភិបាលកម្ពុជាមុនបានសម្រេចនូវសមិទ្ធផលដ៏ពិសិដ្ឋនេះ បានប្រឹងប្រែងធ្វើនូវកិច្ចការជាច្រើន ដោយបានចាប់ផ្តើមរៀបចំឯកសារដាក់ស្នើទីតាំងទាំងនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក តាំងតែពីឆ្នាំ២០១៩ម្លេះ ពោលគឺគេត្រូវការពេលវេលា ៦ឆ្នាំ ដើម្បីឈានមកដល់ដំណាក់កាលនៃការប្រជុំសម្រេចដោយគណកម្មកាសម្បតិ្តបេតិកភណ្ឌពិ ភពលោកនាពេលនេះ ។

ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាគំរូមួយចំពោះពិភពលោកក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការកសាងសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនខ្មែរ ក្រោមពាក្យស្លោក«អគុណសន្តិភាព» ៕