មហាអំណាចអឺរ៉ុបចំនួន ២ ចាប់ដៃគ្នាផលិតមីស៊ីល Storm Shadow ជំនាន់ថ្មី ទុកទប់រុស្ស៊ី

ឡុងដ៍ ៖ មហាអំណាចធំៗរបស់អឺរ៉ុបចំនួនពីរ គឺចក្រភពអង់គ្លេស និងបារាំង មានគំរោងចាប់ដៃគ្នាផលិតមីស៊ីល Storm Shadow ជំនាន់ថ្មី ក្រោយមើលឃើញពីអនុភាព និងភាពជោគជ័យរបស់វាក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ក្រៅពីមីស៊ីល Storm Shadow, ការផលិតមីស៊ីលបញ្ជាទិសក៏នឹងចាប់ផ្តើមឡើងវិញផងដែរ បន្ទាប់ពីបានផ្អាកអស់រយៈពេល ១៥ឆ្នាំ ស្របពេលដែលអឺរ៉ុបកំពុងជំរុញសន្ទុះផលិតកម្មសព្វាវុធយោធាឡើងវិញ ប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី នេះបើតាមសារព័ត៌មាន The Telegraph បានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា។

គិតមកទល់ពេលនេះ បរិមាណគ្រាប់មីស៊ីលក្នុងឃ្លាំងស្តុកទាំងចក្រភពអង់គ្លេស និងបារាំងបានថមថយចុះខ្លាំង ដោយសារតែប្រទេសទាំងពីរបានបរិច្ចាគមីស៊ីលបាញ់ពីដីទៅអាកាសដល់អ៊ុយក្រែន សម្រាប់ការវាយប្រហារក្នុងចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅរបស់រុស្ស៊ី។

ក្រសួងការពារជាតិអង់គ្លេសបានផ្តល់ព័ត៌មានលម្អិតមួយចំនួនប៉ុណ្ណោះ ពាក់ព័ន្ធនឹងគ្រាប់មីស៊ីលជំនាន់ថ្មីនេះ ជាមួយនឹងការពណ៌នាវាថា ជាមីស៊ីលជំនាន់ចុងក្រោយ មានសមត្ថភាពវាយប្រហារក្នុងចម្ងាយឆ្ងាយ និងជាប្រភេទមីស៊ីលប្រឆាំងនាវាចម្បាំង ដែលចូលខ្លួនមកជំនួសមីស៊ីលស៊េរីចាស់ Storm Shadow។ យ៉ាងណា ការរចនារូបរាងមីស៊ីលចុងក្រោយ នៅពុំទាន់សម្រេចនៅឡើយទេ។

លើសពីនេះ ភាពជាដៃគូការពារជាតិថ្មីរវាងមហាអំណាចអឺរ៉ុបទាំងពីរ ក៏គ្រោងនឹងផលិតមីស៊ីលបាញ់ពីអាកាសទៅអាកាសជំនាន់ថ្មី ព្រមទាំងអាវុធយុទ្ធសាស្រ្តផ្សេងទៀតផងដែរ។

មីស៊ីល Storm Shadows ជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់បានចម្ងាយរហូតដល់ ២៥០គីឡូម៉ែត្រ។ មីស៊ីលដែលផលិតដោយក្រុមហ៊ុនផលិតអាវុធចម្រុះជាតិសាសន៍ MBDA មួយនេះ មានតម្លៃប្រហែល ១ លានដុល្លារក្នុងមួយគ្រាប់។ កិច្ចសហការផលិតមីស៊ីលជំនាន់ថ្មីនេះ នឹងបង្កើតការងារចំនួន ១.៣០០កន្លែងនៅក្នុងចក្រភពអង់គ្លេស។

ការប្តេជ្ញាចិត្តរបស់ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីសនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង “Entente Industrielle” រវាងអង់គ្លេស-បារាំងថ្មី ដែលជំរុញគម្រោងវិនិយោគលើវិស័យយោធា លំហអាកាស និងបញ្ញាសិប្បនិម្មិត (AI) រួមគ្នា៕

ប្រភព ៖ The Telegraph