តេហេរ៉ង់ ៖ ស្របពេលដែលរង្គើកភ្លើងសង្គ្រាមចំនួន ១២ថ្ងៃផុតរលត់ទៅវិញ អ៊ីរ៉ង់បានទទូចឲ្យរុស្ស៊ីជួយកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងអាមេរិកកាលពីខែមុន។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសរុស្ស៊ី លោក Kazem Jalali បានអំពាវនាវបែបនេះ ដោយផ្អែកលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីខែមករា។

សន្ធិសញ្ញានេះ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមគ្នា ពិសេសប្រឆាំងនឹងអ្វីដែលប្រទេសទាំងពីរពណ៌នាថា ជាវិធានការបង្ខិតបង្ខំឯកតោភាគី និងការបំពានច្បាប់អន្តរជាតិ។

អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីខែមុន ក្រោមហេតុផលព្រួយបារម្ភពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ការវាយប្រហារនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបានឆក់យកជីវិតមនុស្សរាប់រយនាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។

ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បានបណ្តាលឱ្យមនុស្ស ២៨ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។

បន្ទាប់ពីការវាយប្រហារតាមអាកាស អ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិ IAEA និងបណ្តេញអ្នកត្រួតពិនិត្យរបស់ IAEA។

ប្រទេសអ៊ីរ៉ង់បានទទូចជាយូរមកហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងបម្រើជាថាមពលស៊ីវិលតែប៉ុណ្ណោះ៕

ប្រភព ៖ RT