រដ្ឋមន្ត្រីក្រសួងការងារ គុយបា អស់តំណែង ព្រោះអះអាងថា គ្មានអ្នកសុំទាន ក្នុងប្រទេស

បរទេស៖ លោកស្រី Marta Elena Feitó-Cabrera រដ្ឋមន្ត្រីក្រសួងការងារ នៃ ប្រទេសគុយបា បានអស់តំណែងភ្លាមៗ បន្ទាប់ពីលោកស្រីបានធ្វើការអត្ថាធិប្បាយ បដិសេធថា មិនមានអ្នកសុំទាន នៅលើប្រទេសជា កោះ គ្រប់គ្រង តាមបែបកុម្មុយនិស្ត មួយនេះ។

លោកស្រី ថែមទាំងបាននិយាយថា ប្រជាជនទាំងនោះ មិនមែនជាអ្នកសុំទានទេ តែ នាំគ្នាធ្វើពុត ជាអ្នកសុំទាន ដើម្បីបានរកប្រាក់ ដោយងាយស្រួល។ លើសពីនេះទៅទៀត លោកស្រី បានចោទអ្នករើសសំរាម តាមផ្លូវថា ជាអ្នកចូលរួមធ្វើសកម្មភាពកែច្នៃដោយខុសច្បាប់ ទៀតផង។

បើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែកក្កដា នេះ ការអត្ថាធិប្បាយរបស់លោកស្រី បានធ្វើឡើង នៅក្នុងសម័យប្រជុំសភា ហើយ ត្រូវបានរិះគន់ យ៉ាងទូលំទូលាយ ដោយប្រជាជនគុយបា ក្នុងប្រទេស និងក្រៅប្រទេស។ សកម្មជន និងបញ្ញវន្តគុយបា អំពាវនាវឱ្យដកលោកស្រីចេញ ដោយនិយាយថា ការអត្ថាធិប្បាយនេះគឺ “ជាការប្រមាថ ដល់ប្រជាជនគុយបា”។

លោក Miguel Díaz-Canel ប្រធានាធិបតីគុយបា បានរិះគន់ លោកស្រី Feitó-Cabrera នៅក្នុងសម័យប្រជុំសភា ដោយសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ មិនអាចផ្តាច់ចេញពីការពិត របស់ប្រជាជន បានទេ។

ការលាលែងពីតំណែងរបស់ លោកស្រី Feitó-Cabrera ត្រូវបានទទួលយក ដោយបក្សកុម្មុយនិស្តគុយបា និង រដ្ឋាភិបាល រួចហើយ។

រដ្ឋាភិបាល គុយបា មិនបានផ្សព្វផ្សាយតួលេខផ្លូវការ អំពីចំនួនអ្នកសុំទាន ក្នុងប្រទេសនោះទេ ប៉ុន្តែ កម្រិតនៃភាពក្រីក្រ និងកង្វះស្បៀងអាហារ កាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេស ខណៈដែលប្រទេសនេះបន្តជួបវិបត្តិសេដ្ឋកិច្ច ធ្ងន់ធ្ងរ៕

ប្រភពពី BBC