រុស្ស៊ីចំអកថា លោក Trump កំពុងរស់ក្រោមសម្ពាធពីអឺរ៉ុប និងណាតូ

មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីបានរិះគន់មេដឹកនាំអាមេរិកចំៗថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងរស់រងសម្ពាធដ៏ឆ្គាំឆ្គងពីសហភាពអឺរ៉ុប និងមេដឹកនាំណាតូ ទើបសម្រេចចិត្តប្រកាន់ជំហររឹងរូសដាក់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរូវ បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងធានជីន ប្រទេសចិនថា ច្បាស់ណាស់ លោកប្រធានាធិបតី ត្រាំ កំពុងរស់ក្រោមសម្ពាធដ៏ធំសម្បើម និងឆ្គាំឆ្គងពីសហភាពអឺរ៉ុប និងមេដឹកនាំណាតូបច្ចុប្បន្ន។

លោក ឡាវរូវ បន្តថា របបដឹកនាំអ៊ុយក្រែនរបស់លោកប្រធានាធិបតី ហ្សេលេនស្គី បន្តស្នើសុំការបរិច្ចាគសព្វាវុធថែមទៀត ដែលជំរុញឱ្យកើនឡើងការចំណាយរបស់អ្នកបង់ពន្ធលោកខាងលិច ហើយពីមុនរុស្ស៊ីក៏ទទួលបានឱសានវាទជាច្រើនដែរ ដូច្នេះគ្មានអ្វីប្លែកទេ។

ជើងខ្លាំងការទូតរុស្ស៊ីរូបនេះ បានអះអាងថា ទណ្ឌកម្មថ្មីដែលលោកប្រធានាធិបតី ត្រាំ គំរាមទម្លាក់លើទីក្រុងមូស្គូ ប្រហែលជាប៉ះពាល់សេដ្ឋកិច្ចអឺរ៉ុបច្រើនជាងរុស្ស៊ី ពីព្រោះអ្នកសេដ្ឋកិច្ចអឺរ៉ុប និងអ្នកជំនាញនយោបាយក៏ទទួលស្គាល់ដែរថា សង្គ្រាមដាក់ទណ្ឌកម្មនេះ កំពុងធ្វើឱ្យខូចដល់ប្រទេសដែលផ្តួចផ្តើមវាខ្លួនឯងតែប៉ុណ្ណោះ។

លោក ឡាវរូវ វ័យ ៧៥ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងកំពុងដោះស្រាយទណ្ឌកម្មជាច្រើនដែលមិនធ្លាប់មានពីមុនមក ហើយលោកប្រាកដថា រុស្ស៊ីអាចដោះស្រាយវាបានច្រើនជាងនេះ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ឡាវរូវ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសនឹងប្រគល់ប្រព័ន្ធសព្វាវុធទំនើបៗនាពេលអនាគតទៅកាន់អ៊ុយក្រែន តាមរយៈការផ្តល់មូលនិធិដោយរដ្ឋសមាជិកក្នុងប្លុកអឺរ៉ុបនៃអង្គការណាតូ។

លើសពីនេះ លោក ត្រាំ វ័យ ៧៩ឆ្នាំរូបនេះ ថែមទាំងគំរាមទុកពេល ៥០ថ្ងៃឱ្យរុស្ស៊ីដោះស្រាយជម្លោះនៅអ៊ុយក្រែន បើមិនដូច្នោះទេ ទាំងរុស្ស៊ី និងដៃគូពាណិជ្ជកម្មរបស់ខ្លួន នឹងទទួលរងសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចថ្មីដ៏ធំបំផុតមិនធ្លាប់មាន៕

ប្រភព ៖ RT