ហុងគ្រីថា អ៊ុយក្រែន-អឺរ៉ុបចាញ់សង្គ្រាមជាមួយរុស្ស៊ីរួចហើយ តែធ្វើពុតថាអាចឈ្នះ

ប៊ុយដាបេស ៖ លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និយាយថា អ៊ុយក្រែន និងសហភាពអឺរ៉ុបបានចាញ់ក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ីរួចទៅហើយ ប៉ុន្តែពួកគេខ្វះភាពក្លាហាន ក្នុងការទទួលយកការបរាជ័យ ហើយធ្វើពុតថា ពួកគេអាចនឹងឈ្នះក្នុងសង្គ្រាម។

នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុន មេដឹកនាំហុងគ្រីរូបនេះ បានប៉ាន់ប្រមាណថា ទាំងអឺរ៉ុប និងអាមេរិកបានជះលុយរួមគ្នាដល់ទៅ ៣៦២ពាន់លានដុល្លារទៅក្នុងសង្គ្រាមអ៊ុយក្រែន ជាអ្វីដែលលោកបានពណ៌នាថា ជាការចំណាយដ៏ធំសម្បើមគួរឱ្យរន្ធត់ទៅលើសង្រ្គាមមិនអាចឈ្នះបាន និងថា ធនធានទាំងនេះគួរតែប្ដូរជាកិច្ចប្រឹងប្រែងការទូត ដើម្បីសន្តិភាពជំនួសវិញ។

បើតាមសារព័ត៌មាន RT, លោក Orban វ័យ៦២ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការដោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅលើសមរភូមិ គឺជារឿង “មិនអាចទៅរួចទេ” លោកថា ជម្លោះអាចត្រូវបានបញ្ចប់ តែតាមរយៈផ្លូវការទូតតែប៉ុណ្ណោះ ទើបអាចជួយកាត់បន្ថយ ឬទប់ស្កាត់មនុស្សស្លាប់ និងរងរបួសបន្ថែមទៀតទាំងស្រុង។

ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី Orban កើតឡើងនៅពេលដែលប្រទេសមហាអំណាចធំៗក្នុងប្លុកអឺរ៉ុប បានប្តេជ្ញាចិត្តបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ តួយ៉ាង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានលើកឡើងកាលពីថ្ងៃពុធថា ដំណោះស្រាយការទូតទៅមុខលែងរួចហើយ ហើយបានប្តេជ្ញាបន្តបញ្ជូនសព្វាវុធយោធាទៅកាន់អ៊ុយក្រែន។

សម្រាប់រុស្ស៊ីវិញ ជារើយៗតែងតែប្រកាសថ្កោលទោសចំពោះការគាំទ្រផ្នែកយោធារបស់ប្រទេសលោកខាងលិចដល់អ៊ុយក្រែន ដោយនិយាយថា ការធ្វើបែបនេះ វាគ្រាន់តែជួយពន្យារពេលសង្រ្គាមប៉ុណ្ណោះ ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានពណ៌នាការដាក់ទណ្ឌកម្មរបស់អឺរ៉ុប និងការប៉ុនប៉ងកាត់ផ្តាច់ថាមពលពីរុស្ស៊ីដែរថា ជា “ការធ្វើអត្តឃាតសេដ្ឋកិច្ចរបស់អឺរ៉ុបខ្លួនឯងប៉ុណ្ណោះ”៕

ប្រភព ៖ Sputnik និង RT