ប្រភព៖ ហ្វីលីពីន និងចិន បង្កើតបណ្តាញថ្មីដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង

យោងតាមឯកសារមួយ និងប្រភពការទូតហ្វីលីពីនបានឱ្យដឹងថា ប្រទេសហ្វីលីពីន និងចិនបានព្រមព្រៀងគ្នាបង្កើតខ្សែបណ្ដាញទំនាក់ទំនងថ្មី ដើម្បីកែលម្អការដោះស្រាយជម្លោះដែនសមុទ្ររបស់ពួកគេ ខណៈដែលទំនាក់ទំនងមានភាពជូរចត់ជុំវិញការប៉ះទង្គិចគ្នាលើដែនទឹកនៅសមុទ្រចិនខាងត្បូង។

ប្រទេសទាំងពីរបានចោទដាក់គ្នាម្តងហើយម្តងទៀតជុំវិញយុត្តាធិការនៅក្នុងសមុទ្រចិនខាងត្បូងដ៏ប្រកួតប្រជែង ខណៈហ្វីលីពីន ដែលមានការគាំទ្រពីសម្ព័ន្ធមិត្តការពារជាតិគឺសហរដ្ឋអាមេរិក បានប្រឈមមុខនឹងវត្តមានជាអចិន្ត្រៃយ៍របស់ចិន ជុំវិញដែនទឹកយុទ្ធសាស្ត្រក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល។

បណ្តាញទំនាក់ទំនងចំនួនបីនឹងត្រូវបានបង្កើតឡើងជាពិសេសសម្រាប់បញ្ហាដែនសមុទ្រ នេះបើយោងតាមប្រភពដែលបានផ្តល់ឯកសារ ជាមួយនឹងការគូសបញ្ជាក់លើ «ការរៀបចំកែលម្អយន្តការទំនាក់ទំនងដែនសមុទ្រហ្វីលីពីន-ចិន» ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០២ ខែកក្កដា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានប្រាប់សន្និសីទសារព័ត៌មាននៅពេលត្រូវសាកសួរពីកិច្ចព្រមព្រៀងនេះថា «ចិនតែងតែប្តេជ្ញាចិត្តធ្វើការមួយហ្វីលីពីន ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់»។ ក្រសួងការបរទេសចិន និងហ្វីលីពីន និងស្ថានទូតចិននៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗទេកាលពីថ្ងៃពុធ លើសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះ៕