ចិនបញ្ឈប់កិច្ចពិភាក្សាលើការគ្រប់គ្រងអាវុធជាមួយអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់

ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធ (១៧ កក្កដា) ថា ប្រទេសចិន បានបញ្ឈប់កិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក នៅក្នុងការតវ៉ាប្រឆាំងនឹងការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យុកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន។

ក្រុមអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តរបស់ចិន អាចជាលទ្ធភាពនៃជំហានថយក្រោយដ៏ធ្ងន់ធ្ងរចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងអាវុធសកល ដោយទីក្រុងប៉េកាំង បានចូលរួមជាមួយទីក្រុងមូស្គូ ក្នុងការបដិសេធមិនពិភាក្សាជាមួយវិធានការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រណាំងអាវុធនុយក្លេអ៊ែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បាននិយាយថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ម្តងហើយម្តងទៀតទៅឱ្យកោះតៃវ៉ាន់ ក្នុងប៉ុន្មានខែថ្មីៗនេះបាន «បង្កើនភាពតានតឹងដល់បរិយាកាសនយោបាយសម្រាប់ការបន្តការពិគ្រោះយោបល់គ្រប់គ្រងអាវុធ»។

លោក Lin បាននិយាយថា ចិនមានឆន្ទៈក្នុងការរក្សាទំនាក់ទំនងលើការគ្រប់គ្រងអាវុធអន្តរជាតិ ប៉ុន្តែថាសហរដ្ឋអាមេរិក «ត្រូវតែគោរពផលប្រយោជន៍ស្នូលរបស់ចិន និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការសន្ទនា និងការផ្លាស់ប្តូរ»។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Matthew Miller) បាននិយាយថា ចិនបានជ្រើសរើសធ្វើតាមការដឹកនាំរបស់រុស្ស៊ី ដោយអះអាងថាការចូលរួមគ្រប់គ្រងអាវុធមិនអាចដំណើរការបានទេ ខណៈពេលមានបញ្ហាប្រឈមផ្សេងទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី៕