សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ និងសូមអរគុណ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀង ឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំ ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានវាយតម្លៃខ្ពស់និងសូមអរគុណ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀង ឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំ ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។

តាមរយៈសារក្នុងបណ្តាញសង្គមការងារ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបានគូសបញ្ជាក់ថា« ទោះមានការឈប់បាញ់តែខ្ញុំមិនបាន សម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាក បានជាង២ម៉ោងនិងបន្តការងារហូត ពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺ ជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបាន ជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។

ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំ ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។

សូមរួមគ្នាការពារសន្តិភាពដើម្បីជៀស វាងបាត់សន្តិភាពទើបស្វែងរកសន្តិភាព ដែលជារឿងដ៏លំបាក»៕