លោក ត្រាំ មានបំណងយកពន្ធគយបដិការ ១៥ ដល់២០ភាគរយ សម្រាប់ប្រទេសមួយចំនួនធំ

លោក ត្រាំ មានបំណងយកពន្ធគយបដិការ ១៥ ដល់២០ភាគរយ សម្រាប់ប្រទេសមួយចំនួនធំ

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា បាននិយាយថាប្រទេសជាដៃគូពាណិជ្ជកម្មមួយចំនួនដែលមិនបានចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដាច់ដោយឡែក នឹងត្រូវប្រឈមនឹងពន្ធគយបដិការជាមួយអត្រាចាប់ពី១៥ភាគរយ ទៅ២០ភាគរយលើទំនិញនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងបំពេញទស្សនកិច្ចក្នុងប្រទេសស្កុតឡែន ថារដ្ឋបាលរបស់លោកនឹងជូនដំណឹងដល់ប្រទេសជាង ២០០ ក្នុងពេលឆាប់ៗ អំពីអត្រាពន្ធគយបដិការ របស់ពួកគេក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ អត្រាពន្ធគយបដិការពី ១៥ ទៅ២០ភាគរយនេះ គឺខ្ពស់ជាងអត្រាពន្ធគយមូលដ្ឋាន១០ភាគរយដែលលោក ត្រាំ បានប្រកាសអនុវត្ត លើបណ្ដាប្រទេសទាំងអស់កាលពីខែមេសា។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ត្រាំ បានប្រកាសពីការយកពន្ធគយបដិការ១៥ភាគរយលើជប៉ុន ហើយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោកបានប្រកាសពីការយកពន្ធ ១៥ភាគរយ លើទំនិញភាគច្រើនដែលអឺរ៉ុបនាំចូលទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ ប្រទេសមួយចំនួនដូចជា ប្រេស៊ីល ទទួលបានលិខិតជូនដំណឹងពីអត្រាពន្ធ ៤០ភាគរយ រីឯ ឡាវ ៥០ភាគរយ ឯណោះ៕