ពន្ធខ្ពស់របស់លោក Trump ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលបង្កឱ្យមានការប្រឆាំង និងព្រួយបារម្ភ
ពន្ធខ្ពស់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើការនាំចូលពីប្រទេសរាប់សិបបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ៧ សីហា ដោយបានដំឡើងពន្ធនាំចូលមធ្យមរបស់អាមេរិកដល់កម្រិតខ្ពស់បំផុតក្នុងមួយសតវត្ស ហើយធ្វើឲ្យដៃគូពាណិជ្ជកម្មធំៗដូចជា ស្វីស ប្រេស៊ីល និងឥណ្ឌា ប្រញាប់ស្វែងរកកិច្ចព្រមព្រៀងប្រសើរជាងមុន។
ទីភ្នាក់ងារគយ និងការពារព្រំដែនអាមេរិកបានចាប់ផ្តើមប្រមូលពន្ធខ្ពស់ពី ១០ទៅ៥០%នៅម៉ោង ១២និង០១នាទីព្រឹក បន្ទាប់ពីមានការផ្អាកជាច្រើនសប្តាហ៍ជុំវិញអត្រាពន្ធចុងក្រោយរបស់លោក Trump និងការចរចាដ៏គួរឱ្យបារម្ភជាមួយបណ្តាប្រទេសដែលចង់បានការបញ្ចុះកម្រិតពន្ធ។
មេដឹកនាំប្រេស៊ីល និងឥណ្ឌា បានប្ដេជ្ញាថានឹងមិនចុះញ៉មចំពោះជំហរចរចារដ៏តឹងរ៉ឹងរបស់លោក Trump ឡើយ បើទោះបីជាក្រុមអ្នកចរចារបស់ខ្លួនស្វែងរកការបន្ទាបពីកម្រិតពន្ធខ្ពស់បំផុតក៏ដោយ។
អត្រាពន្ធថ្មីនឹងសាកល្បងយុទ្ធសាស្ត្ររបស់លោក Trump សម្រាប់ការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដោយមិនបង្កឱ្យមានការរំខានដ៏ធំដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ឬបង្កឱ្យមានអតិផរណាខ្ពស់ និងការសងសឹកពីដៃគូពាណិជ្ជកម្ម។
បន្ទាប់ពីបង្ហាញគោលនយោបាយដំឡើងពន្ធ “ថ្ងៃរំដោះ” របស់លោកក្នុងខែមេសា លោក Trump បានកែប្រែផែនការរបស់លោកជាញឹកញាប់ ដោយបានដំឡើងអត្រាខ្ពស់លើការនាំចូលពីប្រទេសមួយចំនួន រួមទាំង៥០ ភាគរយសម្រាប់ទំនិញពីប្រទេសប្រេស៊ីល ៣៩ ភាគរយពីប្រទេសស្វីស ៣៥ ភាគរយពីប្រទេសកាណាដា និង ២៥ ភាគរយពីប្រទេសឥណ្ឌា។
លោកបានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍នេះអំពីពន្ធបន្ថែមចំនួន២៥ភាគរយលើទំនិញឥណ្ឌាដែលនឹងត្រូវអនុវត្តក្នុងរយៈពេល២១ ថ្ងៃបន្ទាប់ ជុំវិញការទិញប្រេងពីរុស្ស៊ីរបស់ឥណ្ឌា៕
Leave a Reply