លោក Netanyahu ប្រកាសពីបំណងក្នុងការឱ្យអ៊ីស្រាអែល គ្រប់គ្រងតំបន់ហ្កាហ្សា ទាំងមូល

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) បានបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែល មានបំណងគ្រប់គ្រងយោធាលើតំបន់ហ្កាហ្សាទាំងមូល បើទោះបីជាមានការរិះគន់កាន់តែខ្លាំងឡើងទាំងក្នុងប្រទេស និងក្រៅប្រទេស ជុំវិញសង្គ្រាមដ៏បំផ្លិចបំផ្លាញជិត ២ឆ្នាំនៅក្នុងតំបន់ប៉ាឡេស្ទីននេះក៏ដោយ ខណៈដែលប្រមុខយោធាអ៊ីស្រាអែលផ្ទាល់ក៏បានរុញច្រានប្រឆាំងនឹងការពង្រីកយុទ្ធនាការបែបនេះដែរ។

នៅពេលត្រូវសាកសួរថាតើអ៊ីស្រាអែលនឹងកាន់កាប់ទឹកដីឆ្នេរហ៊ុព័ទ្ធនេះទាំងមូលដែរឬទេ លោក Netanyahu បានប្រាប់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថា “អ៊ីស្រាអែលមានបំណងធ្វើបែបនោះមែន”។ លោកបន្តថា “អ៊ីស្រាអែលមិនចង់យកហ្កាហ្សារហូតទេ គ្រាន់ចង់មានបរិវេណសន្តិសុខប៉ុណ្ណោះ ហើយក៏មិនចង់គ្រប់គ្រងដែនដីនេះដែរ” ដោយទទូចថា “អ៊ីស្រាអែលមិនចង់នៅទីនោះក្នុងនាមជាស្ថាប័នគ្រប់គ្រងនោះទេ”។

នាយករដ្ឋមន្រ្តីរូបនេះបន្ថែមថា អ៊ីស្រាអែលចង់ប្រគល់ទឹកដីនេះទៅឱ្យកងកម្លាំងអារ៉ាប់ដែលនឹងគ្រប់គ្រងបន្ត ប៉ុន្តែលោកមិនបញ្ជាក់លម្អិតអំពីការរៀបចំអភិបាលកិច្ច ឬមានប្រទេសអារ៉ាប់ណាខ្លះអាចចូលរួមក្នុងគម្រោងនោះទេ។

ការលើកឡើងនេះកើតឡើងស្របរដ្ឋមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយក្រុមពិភាក្សាគ្នាពីផែនការគ្រប់គ្រងយោធាលើទឹកដីបន្ថែមទៀតនៅហ្កាហ្សា។ សម័យប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងមួយផ្សេងទៀតនៅសប្តាហ៍នេះជាមួយប្រមុខយោធា ដែលបានរុញច្រានប្រឆាំងនឹងការពង្រីកយុទ្ធនាការនេះ។ ប្រភពរដ្ឋាភិបាលនិយាយថា សេចក្ដីសម្រេចផ្លូវការណាមួយរបស់គណៈរដ្ឋមន្ត្រីសន្តិសុខ នឹងត្រូវការអនុម័តដោយគណៈរដ្ឋមន្ត្រីពេញលេញ ដែលអាចនឹងមិនជួបប្រជុំគ្នានោះទេរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕