លោក Putin ថា មិនទាន់អាចជួបលោក Zelensky

បរទេស ៖ លោក Putin ប្រធានាធិបតីរុស្ស៊ី បាននិយាយថា លក្ខខណ្ឌសម្រាប់ការជួបលោក Zelensky មេដឹកនាំអ៊ុយក្រែន ស្ថិតនៅក្នុងដំណើរ វែងឆ្ងាយ បន្តទៀត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា “លក្ខខណ្ឌ” សម្រាប់កិច្ចប្រជុំ ដ៏មានសក្តានុពល ជាមួយ លោក Volodymyr Zelensky មិនអាចធ្វើទៅបាន នៅពេលនេះទេ ជាការលើកឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីមេដឹកនាំអ៊ុយក្រែន បានអំពាវនាវ ម្តងទៀត ឱ្យមានការចរចា ដោយផ្ទាល់ តាមរយៈការជួបទល់មុខគ្នា ជាមួយលោក Putin។

លោក Putin បានប្រាប់អ្នកយកព័ត៌មាន នៅវិមានក្រឹមឡាំង ថា «ខ្ញុំមិនមានអ្វី ប្រឆាំងនឹងជំនួបនេះទេ ជាទូទៅ វាអាចទៅរួច ប៉ុន្តែ លក្ខខណ្ឌមួយចំនួន ត្រូវតែត្រូវបានបង្កើតឡើង សម្រាប់រឿងនេះ។ ប៉ុន្តែ ជាអកុសល យើងនៅឆ្ងាយ ពីការបង្កើតលក្ខខណ្ឌ បែបនេះ»។

លោក Putin ធ្លាប់បាននិយាយ កាលពីខែមិថុនា ថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីជួប លោក Zelensky ប៉ុន្តែ មានតែក្នុងអំឡុងពេល “ដំណាក់កាលចុងក្រោយ” នៃការចរចាស្តីពីការបញ្ចប់ជម្លោះ ជាង៣ឆ្នាំ។

លោក Volodymyr Zelensky កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានប្រកាសសុំជួបទល់មុខគ្នា ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដើម្បីចរចាគ្នា បញ្ចប់សង្គ្រាម រវាងប្រទេសទាំងពីរ។

ការប្រកាសចង់ជួបលោក Putin ផ្ទាល់ ពីសំណាក់មេដឹកនាំអ៊ុយក្រែន រូបនេះ បានធ្វើឡើង បន្ទាប់ពីបេសកជនពិសេស របស់អាមេរិក លោក Steve Witkoff និង លោក Putin បានជួបពិភាក្សា ជាមួយគ្នា នៅទីក្រុងមូស្គូ។ លោក ប្រធានាធិបតី Donald Trump បានសាទរ កិច្ចពិភាក្សានេះ ថា មានផលិតភាពខ្ពស់៕

ប្រភពពី AFP