រដ្ឋបាលខេត្តសៀមរាប បានរៀបចំរថយន្តចំនួន​ ៤គ្រឿងសម្រាប់ដឹកជញ្ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ​ និងបាត់ដំបង

ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ យោងតាមសំណូមពររបស់ជនភៀសសឹកឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមការងាររៀបចំរថយន្តដឹកជញ្ជូន ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ​ និងបាត់ដំបងចំនួន​ ៤រថយន្ត​ ដេីម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន​ ៣១នាក់​ ស្រី​ ២២នាក់​​ ពីខេត្តសៀមរាបទៅគេដ្ឋានវិញ។ ជាមួយនឹងការដឹកជញ្ជូននេះ​ មានបងប្អូនទៅខេត្តឧត្តមានជ័យ ១៤នាក់​ ស្រី​ ៩នាក់​ ខេត្តដំបង ៦នាក់ ស្រី​ ៤នាក់
និងខេត្តបន្ទាយមានជ័យ ១១នាក់ ស្រី​ ៩នាក់។

ជាមួយ​នឹងការត្រឡប់ទៅគេហដ្ឋានវិញបងប្អូនប្រជាជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាល​ រដ្ឋបាលខេត្ត​ ក្រុង​ ស្រុក​ កងកម្លាំងប្រដាប់អាវុធនិងព្រះចៅអធិការវត្តដែលផ្តល់ទីតាំងសុវត្ថិភាព និងយកចិត្តទុកដាក់​ខ្ពស់ក្នុងការៀបចំចាត់ចែងកន្លែងស្នាក់នៅ​ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ​គ្រប់គ្រាន់​ ព្រមទាំងអនាម័យបរិស្ថានដល់ពួកគាត់ដែលបានជម្លៀសពីតំបន់សមរភូមិ។

រដ្ឋបាលខេត្តក៏សូមការយោគយល់ចំពោះការរៀបចំកន្លែងស្នាក់នៅពុំទាន់បំពេញតម្រូវការ​ និងឆ្លេីយតបតាមសំណូមពរ​របស់បងប្អូនពីសំណាក់ថ្នាក់ដឹកនាំ​ ក៏ដូចជាអាជ្ញាធរ​ មន្ត្រីដែលបានរៀបចំទីតាំងស្នាក់នៅ។ ទន្ទឹមនឹងនេះ​ សូមជូនពរបងប្អូនធ្វេីដំណេីរប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។