អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា៩ប្រទេស ចុះពិនិត្យមើលទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់នៅឃុំគោកមន និងបន្តសួរសុខទុក្ខជនភៀសសឹកនៅវត្តភ្នំពោធិ៍កំបោរ

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ៩ប្រទេស ដែលមាននិវេសនដ្ឋានស្ថិតនៅក្នុង និងក្រៅប្រទេសកម្ពុជា បានកំពុងចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធលើប្រជាជន ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួមមាន វត្តតាមាន់សែនជ័យ មណ្ឌលសុខភាព សាលាបឋមសិក្សា ស្ថានីយ៍ប្រេងឥន្ធនៈ និងផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវរងការបំផ្លិចបំផ្លាញដោយការទំលាក់គ្រាប់បែក MK-84 និងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នាឱកាសនោះផងដែរ ក្រុមអនុព័ន្ធយោធា ក៏បានបន្តចុះទៅជួបសួរសុខទុក្ខជនភៀសសឹកក្នុងនោះរួមមាន ៖ គ្រួសារស៊ីវិល និងក្រុមគ្រួសារកងកម្លាំងប្រដាប់អាវុធដែលរងរបួស និងពលីជីវិត ព្រមទាំងនាំយកនូវសម្ភារៈជំនួយមនុស្សធម៌ចែកជូនជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តភ្នំពោធិ៍កំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ការចុះបំពេញបេសកកម្មនេះ គឺកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ ដែលឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

ដោយ៖ពលជ័យ

រូបភាព៖ AKP