រុស្ស៊ីបាញ់ទម្លាក់យន្តហោះចម្បាំង Su-27 របស់អ៊ុយក្រែន

មូស្គូ ៖ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-27 មួយគ្រឿងរបស់កងទ័ពអាកាសអ៊ុយក្រែន មានតម្លៃចន្លោះពី ៣០ ទៅ៤០លានដុល្លារ ខណៈដែលពីឡុតគេនៅពុំទាន់ច្បាស់ថាតើស្លាប់ ឬនៅរស់រានមានជីវិតដែរឬអត់ទេ។

Su-27 គឺជាយន្តហោះចម្បាំងដែលមានម៉ាស៊ីនភ្លោផលិតដោយក្រុមហ៊ុន Sukhoi មានដើមកំណើតមកពីប្រទេសរុស្សី។ វាត្រូវបានបម្រុងទុកជាគូប្រជែងផ្ទាល់ សម្រាប់យន្តហោះចម្បាំងជំនាន់ទី៤របស់សហរដ្ឋអាមេរិក មានដូចជា Grumman F-14 Tomcat និង F-15 Eagle ដែលអាចហោះបានរយៈចម្ងាយ ៣.៥០០គីឡូម៉ែត្រ និងអាចផ្ទុកអាវុធធុនធ្ងន់ ពោលគឺវាជាយន្តហោះចម្បាំងទំនើប និងមានភាពបត់បែនខ្ពស់។

យន្តហោះចម្បាំង Su-27 ត្រូវបានរចនាឡើងសម្រាប់បេសកកម្មឧត្តមភាពដែនអាកាស ហើយការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ធ្វើឱ្យ Su-27 កាន់តែកាច ពោលគឺអាចធ្វើប្រតិបត្តិការសង្គ្រាមពីលើអាកាសស្ទើរតែទាំងអស់។ យន្តហោះចម្បាំង Su-27 បានចូលបម្រើការក្នុងជួរកងទ័ពអាកាសសូវៀតក្នុងឆ្នាំ១៩៨៥។ បច្ចុប្បន្នយន្តហោះ Su-27 ទំនងជាមានតម្លៃចន្លោះពី ៣០ ទៅ៤០លានដុល្លារក្នុងមួយគ្រឿង។

ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី៩ ខែសីហា ក៏បានប្រកាសឱ្យដឹងដែរថា ក្រៅពីបាញ់ទម្លាញ់យន្តហោះ Su-27, កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញគ្រាប់បែកទម្លាក់ពីលើអាកាសចំនួនពីរគ្រាប់ គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិក និងយន្តហោះដ្រូនចំនួន ៤៥៧គ្រឿងផងដែរ។

ស្របពេលជាមួយគ្នានេះដែរ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នៅចន្លោះយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ ប្រព័ន្ធ ការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់កម្ទេចមីស៊ីលបញ្ជាទិស Iskander-K មួយគ្រាប់ និងបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ីចំនួន ៣១ គ្រឿង ដែលវាយប្រហារមកលើទឹកដីប្រទេសអ៊ុយក្រែន៕