៦ឆ្នាំ ចំនួនយោធាកូរ៉េខាងត្បូងធ្លាក់ចុះ ២០ភាគរយ

សេអ៊ូល ៖ យោធាកូរ៉េខាងត្បូងធ្លាក់ចុះ ២០ភាគរយក្នុងពេល ៦ឆ្នាំចុងក្រោយនេះ មកត្រឹម ៤៥០.០០០នាក់ ដោយសារការថយចុះយ៉ាងខ្លាំងនៃចំនួនបុរសគ្រប់អាយុចូលបម្រើកាតព្វកិច្ចយោធានៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។

ការបំពេញកាតព្វកិច្ចយោធាក្នុងប្រទេសកូរ៉េខាងត្បូងបង្កើតឡើងតាំងពីឆ្នាំ១៩៥៧មកម្ល៉េះ ហើយតម្រូវឱ្យពលរដ្ឋជាបុរសមានអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំចូលបម្រើក្នុងជួរយោធា។ ស្ត្រីមិនត្រូវបានតម្រូវឱ្យបំពេញកាតព្វកិច្ចយោធាទេ ប៉ុន្តែពួកគេអាចចូលបម្រើយោធាដោយស្ម័គ្រចិត្តបាន។

យ៉ាងណាមិញ ចំនួនបុរសគ្រប់អាយុ ២០ឆ្នាំដែលជាអាយុចូលបម្រើកាតព្វកិច្ចយោធាបានធ្លាក់ចុះ ៣០ភាគរយ នៅចន្លោះឆ្នាំ២០១៩-២០២៥ ពោលគឺខ្វះពលទាហានប្រហែល ៥០.០០០នាក់ រួមទាំងមន្រ្តីថ្នាក់កណ្តាលចំនួន ២១.០០០នាក់ថែមទៀត ដើម្បីបំពេញតម្រូវការការពារជាតិ។

ការធ្លាក់ចុះចំនួនយោធាកូរ៉េខាងត្បួងនេះ បានឆ្លុះបញ្ចាំងពីអត្រាកំណើតទាបមានត្រឹម ០.៧៥ ក្នុងឆ្នាំ២០២៤ និងចំនួនប្រជាជនមានវ័យចំណាស់យ៉ាងឆាប់រហ័ស។ យោធាកូរ៉េខាងត្បូងបានធ្លាក់ចុះមកប្រហែល ៦៩០.០០០នាក់នៅដើមទសវត្សរ៍ឆ្នាំ២០០០ ខណៈដែលកូរ៉េខាងជើងនៅតែរក្សាបានចំនួនទាហានប្រមាណ ១.២លាននាក់។

គួរបញ្ជាក់ថា ចំនួនប្រជាជនកូរ៉េខាងត្បូងបានហក់ឡើងដល់ ៥១.៨លាននាក់ក្នុងឆ្នាំ២០២០ ហើយត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម ៣៦.២លាននាក់នៅឆ្នាំ២០៧២ ដែលអាចប៉ះពាល់ដល់ការជ្រើសរើសយោធាកាន់តែធ្ងន់ធ្ងរ។ កញ្ចប់ថវិកាការពារជាតិកូរ៉េខាងត្បូងមានទំហំរហូតដល់ ៤៣.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ធំជាងទំហំសេដ្ឋកិច្ចរបស់កូរ៉េខាងជើងទាំងមូលទៅទៀ៕

ប្រភព ៖ CNA