មេដឹកនាំកូរ៉េខាងត្បូង-វៀតណាមសន្យាបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ

សេអ៊ូល ៖ កូរ៉េខាងត្បូង និងវៀតណាម ត្រូវបានរំពឹងថា នឹងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ នៅពេលមេដឹកនាំប្រទេសទាំងពីរនឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី១១ ខែសីហានេះ ចំពេលស្ថានភាពពាណិជ្ជកម្មសកលកំពុងកើនឡើងការប្រកួតប្រជែងខ្លាំង។

អតីតគូរសត្រូវសម័យសង្រ្គាមត្រជាក់ទាំងពីរ បានព្យាយាមបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ចំពេលបរិយាកាសពាណិជ្ជកម្មសកលកើនឡើងការប្រកួតប្រជែងខ្លាំង។

លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំវៀតណាម លោក តូ ឡាម សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ចាប់តាំងពីលោកចូលកាន់តំណែងកាលពីថ្ងៃទី៤ ខែមិថុនា ហើយរបៀបវារៈកំពូល នឹងផ្តោតសំខាន់លើកិច្ចពិភាក្សាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៍។

យោងតាមសេចក្តីប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង, លោក ឡាម ដែលជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នឹងដឹកនាំក្រុមគណៈប្រតិភូក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម ការបរទេស និងបច្ចេកវិទ្យា ព្រមទាំងសមាជិកជាន់ខ្ពស់បក្ស និងសមាជិកសភា មកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃនៅកូរ៉េខាងត្បូង។

ការិយាល័យរបស់លោកប្រធានាធិបតី លី បានឱ្យដឹងទៀតថា កូរ៉េខាងត្បូង-វៀតណាម ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់យ៉ាងហោចណាស់ចំនួន ១០ នៅក្នុងកិច្ចប្រជុំកំពូលមួយ រួមទាំងការសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំវៀតណាមនៅថ្ងៃនេះទៀតសោត ក៏ត្រូវបានគេរំពឹងដែរថា នឹងរួមចំណែកផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចកូរ៉េខាងត្បូង ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងថាមពលនុយក្លេអ៊ែរ ដែលបានគ្រោងទុកនៅវៀតណាម៕

ប្រភព ៖ CNA