(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក.ប.ទ. ដូចខាងក្រោម៖
១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង
វិស្វកម្មសុសវែរ (Software Engineering)
វិទ្យាសាស្ត្រទិន្នន័យ (Data Science)
ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (Telecommunications and Networking Engineering)
សន្តិសុខសាយប័រ (Cybersecurity)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង
វិស្វកម្មសុសវែរ (Software Engineering)
វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង
វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunications and Electronic Engineering)
វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)
ព័ត៌មានវិទ្យា (Information Technology)
វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering)
សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង
សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)
បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)
សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង
វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)
រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh – AUPP) ចំនួន ២០០ កន្លែង
ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science)
បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)
សន្តិសុខសាយប័រ (Cybersecurity)
បញ្ញាសិប្បនិម្មិត (Artificial Intelligence)
ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
ការអភិវឌ្ឍសុសវែរ (Software Development)
ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)
ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)
២. អត្ថប្រយោជន៍នៃអាហារូបករណ៍
និស្សិតជ័យលាភីនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
កុំព្យូទ័រយួរដៃ ១គ្រឿង
ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ – ២៤,៧០០ ដុល្លារអាម៉េរិក
ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស
ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល ៤ ឆ្នាំដោយជោគជ័យ។
៣. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B ឬ C
ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសន៍ផ្ទាល់មាត់
សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារី ត្រូវបានលើកទឹកចិត្ត។
៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ
ការចុះឈ្មោះប្រឡងត្រូវធ្វើដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖
ក. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ឬស្កេន QR Code ដែលមានភ្ជាប់ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។
ខ.ចំពោះបេក្ខជន និងបេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សូមអញ្ជើញមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ (សូមស្កេន QR Code សម្រាប់ទីតាំងលើ Google Map)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទ ឬ Telegram លេខ ០៧០ ៣៦៦ ៦២៣ / ០៩៣ ៣៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh៕
Leave a Reply