(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបសវនាការ និងទទួលអំណោយជា អង្ករ ថ្នាំពេទ្យ និងថវិកា ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) ដែលដឹកនាំដោយ លោកស្រី រ៉ាវ៉ាំង តាន់ ម៉ង់ណឺតូ (Mme Ravine Tan Menneteau) និងសមាគម Fragmentis Vitae Asia ដឹកនាំដោយ លោកស្រី ប៊ួន រតនា (Mme Buon Ratana) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ ។
លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជនអស់ដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាជនភៀសសឹក ដែលកំពុងត្រូវការជាចាំបាច់នូវតម្រូវការខាងផ្នែកសុខភាព អនាម័យ និងស្បៀងអាហារ ជាពិសេសការគិតគូរពីការស្តារឡើងវិញនៅពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
លោកជំទាវ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែបានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ព្រោះថានេះមិនមែនជាលើកទីមួយឡើយ ជាក់ស្តែងដូចជាពេលកន្លងមក ក្នុងពេលដែល កម្ពុជា កំពុងជួបប្រទះខ្លាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២២កន្លងមក ។
លោកជំទាវ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាំពេទ្យប៉ារ៉ាសេតាម៉ុលចំនួន ៤០០.០០០គ្រាប់ ដែលបានទទួលនាពេលនេះ កាកបាទក្រហមកម្ពុជា ក៏ត្រូវប្រគល់ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ភ្លាមៗដែរ ព្រោះថាអំណោយជាថ្នាំពេទ្យនេះ គឺជាតម្រូវចាំបាច់សម្រាប់ មន្ទីរពេទ្យ ដែលកំពុងជួយដល់កុមារទូទាំងប្រទេសកម្ពុជា ហើយជាពិសេសស្ថិតក្នុងកាល:ទេស:នេះដែរមន្ទីរពេទ្យ ក៏មានបន្ទុកថែមមួយទៀតគឺជួយទៅដល់កុមារដែលរងគ្រោះដោយស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន។ យ៉ាងណាម៉ិញ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា គឺតែងតែឧបត្ថម្ភថវិកា ១លានដុល្លារ ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។
ជាការឆ្លើយតបក្រុមសប្បុរសជន មានក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាសឱ្យពួកគាត់បាននាំយកអំណោយមកជួយកាកបាទក្រហមកម្ពុជាជាថ្មីម្តងទៀត បើទោះបីជាពួកគាត់រស់នៅប្រទេសបារាំងក្តី តែបេះដូងរបស់ពួកគាត់នៅជាប់ជាមួយប្រជាពលរដ្ឋខ្មែរក្នុងប្រទេសជានិច្ច ព្រោះថាខ្មែរគឺជាទឹកដីមាតុភូមិរបស់ពួកគាត់ ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញពីទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ក្នុងការចូលរួមគាំទ្រ និងស្រឡាញ់សន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ជាពិសេសគឺបង្ហាញពីកម្លាំងសាមគ្គីគ្នា ក្នុងស្មារតីខ្មែរតែមួយ ខ្មែររួមរួមគ្នា ខ្មែរខ្លាំង។
សូមបញ្ជាក់៖ អំណោយសប្បុរសជនប្រគល់ជូនកាកបាទក្រហមកម្ពុជានៅពេលនេះ មានសមាគមឱសថការីបារាំង-ខ្មែរ អង្ករ ១០តោន និងថ្នាំពេទ្យ ប៉ារ៉ាសេតាម៉ុល ៤០ម៉ឺនគ្រាប់, សមាគម Fragmentis Vitea Asia ឧបត្ថម្ភថវិកា ២.៥០០អឺរូ។ ហើយកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ថ្នាំពេទ្យជូនមន្ទីរពេទ្យគន្ធបុប្ផាដែលទទួលដោយលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ដោយឡែក សប្បុរសជនក៏បានប្រគល់ថវិកា ២ម៉ឺនដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ផ្ទាល់ផងដែរ។
បន្ទាប់ពីពិធីប្រគល់-ទទួលអំណោយ លោកជំទាវ ម៉ែន នារីសោភ័គ បានទទួលស្វាគមន៍ និងទទួលអំណោយពីសប្បុរសជនដែលជាថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន Dynamic Argon Co., Ltd ដែលបានឧបត្ថម្ភថវិកា ២.០០០.០០០ រៀល (ពីរលានរៀល) និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនទៀត ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាជនភៀសសឹកផងដែរ៕
Leave a Reply