ប្អូនស្រីលោក Kim Jong Un និយាយថា កូរ៉េខាងត្បូង មានចរិតពីរ ជុំវិញសមយុទ្ធយោធា

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃពុធ ២០ សីហានេះ ថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា កូរ៉េខាងត្បូង និងប្រធានាធិបតីរបស់ខ្លួន លោក Lee Jae Myung មានចរិតពីរ ដោយមាត់និយាយថាចង់ស្វែងរកសន្តិភាព ខណៈកំពុងបន្តធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។

កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាក្នុងសប្តាហ៍នេះ រួមទាំងការសាកល្បងការឆ្លើយតបចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាងតែងតែរិះគន់សមយុទ្ធបែបនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន ហើយពេលខ្លះឆ្លើយតបដោយការសាកល្បងអាវុធ ផ្សេងៗ ប៉ុន្តែទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បាននិយាយថា សកម្មភាពសមយុទ្ធទាំងនោះ គឺជាការការពារខ្លួនសុទ្ធសាធ។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនាមក រដ្ឋាភិបាលរបស់លោក Lee បានស្វែងរកការផ្សះផ្សា ទំនាក់ទំនងរវាងប្រទេសជិតខាងដែលនៅតែមានសង្គ្រាមតាមភាសាបច្ចេកទេស បន្ទាប់ពីជម្លោះរវាងប្រទេសបងប្អូនទាំងពីរ នៅឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ បានញ្ចប់ដោយមានត្រឹមតែបទឈប់បាញ់ ទោះមន្ត្រីកំពូលកូរ៉េខាងជើងត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលច្រានចោលការចោទប្រកាន់ធ្វើឡើងដោយប្រធានាធិបតីសេរីរបស់កូរ៉េខាងត្បូងក៏ដោយ។

លោក Lee ក្នុងសប្តាហ៍នេះ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់លោក រៀបចំការអនុវត្តតាមដំណាក់កាលនៃកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយកូរ៉េខាងជើង ហើយកូរ៉េខាងត្បូងបានចាប់ផ្តើមដកឧបករណ៍បំពងសំឡេងផ្សព្វផ្សាយប្រឆាំងកូរ៉េខាងជើងនៅតាមព្រំដែន៕