ឥណ្ឌា និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ (១៩ សីហា) ក្នុងការបន្តប្រតិបត្តិការហោះហើរត្រង់ឡើងវិញរវាងគ្នា និងបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគ ខណៈប្រទេសជិតខាងទាំងពីរនេះកំពុងកសាងទំនាក់ទំនងដែលខូចខាតដោយការប៉ះទង្គិចនៅតាមព្រំដែនឆ្នាំ២០២០ របស់ពួកគេឡើងវិញ។
ប្រទេសមហាអំណាចនៅអាស៊ីទាំងពីរ កំពុងពង្រឹងទំនាក់ទំនងយ៉ាងប្រយ័ត្នប្រយែង ស្របពេលគោលនយោបាយការបរទេសដែលមិនអាចទាយទុកជាមុនបានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយចាប់ផ្តើមដំណើរទស្សនកិច្ចទ្វេភាគីកម្រិតខ្ពស់ជាបន្តបន្ទាប់។
ក្រសួងការបរទេសឥណ្ឌា បាននិយាយថា ប្រទេសទាំងពីរនឹងបន្តជើងហោះហើរត្រង់ឡើងវិញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការបើកពាណិជ្ជកម្មតាមច្រកព្រំដែនឡើងវិញផងដែរនៅចំណុចដែលបានកំណត់រួចចំនួន ៣ទីតាំង និងសម្រួលដល់ទិដ្ឋាការរបស់ប្រជាជន។ គួរឱ្យដឹងថា ជើងហោះហើរត្រង់រវាងចិន-ឥណ្ឌា ត្រូវបានផ្អាកចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០មក ហើយមិនទាន់មានកាលបរិច្ឆេទសម្រាប់ដំណើរការឡើងវិញរបស់ជើងហោះហើរបែបនេះឡើយ។
សេចក្តីថ្លែងការណ៍ចុងក្រោយប្រកបដោយផ្លែផ្កានេះបានកើតឡើងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរ ២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅកាន់ទីក្រុងញូវដេលី សម្រាប់កិច្ចពិភាក្សាជុំទី២៤ ជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval ដើម្បីដោះស្រាយជម្លោះព្រំដែនដ៏យូរលង់រាប់ទសវត្សរ៍របស់ភាគីទាំងពីរ៕
Leave a Reply