កៀវ ៖ ប្រទេសអ៊ុយក្រែន បាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ ថ្មី ដែលអាចបាញ់បាន ចម្ងាយ រហូតដល់ ៣ ពាន់គីឡូម៉ែត្រ។
រូបភាពដែលបានចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ុយក្រែន ZN.UA កាលពីថ្ងៃអង្គារ ទី២៦ ខែសីហា បានបង្ហាញពីការបាញ់បង្ហោះកាំជ្រួច រយៈចម្ងាយឆ្ងាយ ដែលគេស្គាល់ថា Flamingo ហើយ ជាការបាញ់សាកល្បង តាមការបញ្ជា របស់លោក Zelensky បញ្ជាក់ឲ្យដឹង កាលពីប៉ុន្មានថ្ងៃមុននេះ។
លោក ប្រធានាធិបតី Volodymyr Zelensky បាននិយាយ កាលពីថ្ងៃទី ២១ ខែសីហាថា អ៊ុយក្រែនបានសាកល្បងមីស៊ីលនេះ។ មីស៊ីលនេះ បំពាក់ដោយក្បាលគ្រាប់ទម្ងន់ ១,១៥០ គីឡូក្រាម និង បាញ់ បានចម្ងាយជាង ៣,០០០ គីឡូម៉ែត្រ ហើយ មីស៊ីលប្រភេទ នេះ តំណាងឱ្យការរីកចម្រើនដ៏សំខាន់ នៅក្នុងសមត្ថភាព ធ្វើការវាយប្រហារ របស់អ៊ុយក្រែន នេះគឺជាការបញ្ជាក់បន្ថែម របស់លោក Zelensky ដោយ បានបន្ថែមទៀតថា ការផលិតទ្រង់ទ្រាយធំ អាចចាប់ផ្តើម នៅខែកុម្ភៈ ឆ្នាំក្រោយ។
លោក Volodymyr Zelenskyy ធ្លាប់បាននិយាយ កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន ឥឡូវនេះ អាចវាយប្រហារយ៉ាងជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី ដោយមិនចាំបាច់មានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។
លោក Zelensky បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីកាណាដា ថា «គិតត្រឹមថ្ងៃនេះ យើងកំពុងប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយ ផលិតក្នុងស្រុករបស់យើង»៕
ប្រភពពី AFP
Leave a Reply