ឡាវត្រៀមទប់ទល់ការវាយប្រហារពីព្យុះទីហ្វុង Kajiki

វៀងចន្ទន៍ ៖ ប្រទេសឡាវកំពុងត្រៀមខ្លួនប្រឈមមុខនឹងផលប៉ះពាល់បង្កឡើងពីការវាយប្រហាររបស់ព្យុះទីហ្វុង Kajiki ដែលនឹងពាំនាំផ្គររន្ទះ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង។

ព្យុះទីហ្វុងដ៏កំណាចនេះ ត្រូវបានព្យាករណ៍ថា នឹងបោកបក់ឆ្លងកាត់ប្រទេសឡាវ ដោយពាំនាំមកនូវផ្គររន្ទះ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់យ៉ាងសន្ធាប់វាយប្រហារតំបន់ជាច្រើន ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែសីហា។

ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយមជ្ឈិមឡាវ បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃចន្ទ ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមទប់ស្កាត់ផលប៉ះពាល់បង្កឡើងពីព្យុះនេះ និងព្រមានសាធារណជនត្រូវប្រុងប្រយ័ត្ន និងកំណត់ទីតាំងជម្លៀសប្រជាជនទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន។

ទន្ទឹមគ្នា ក្រុមសង្គ្រោះត្រូវបានដាក់ពង្រាយ ដើម្បីតាមដានកម្រិតទឹក និងរក្សាការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដីដែលអាចកើតមាន ពិសេសទឹកជំនន់ភ្លាមៗ និងខ្យល់បោកបក់ខ្លាំង។

បន្ថែមលើនេះ មន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវបាន ចាត់តាំង ក្រុម ត្រួតពិនិត្យ រយៈពេល ២៤ ម៉ោង ដើម្បី តាមដាន កម្រិត ទឹក និង លក្ខខណ្ឌ អាកាសធាតុ ។

ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលកំពុងបន្តពីព្យុះនេះ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន បានប្រកាសពន្យារពេលសេវាកម្មរថភ្លើងដឹកអ្នកដំណើរទាំងអស់នៅថ្ងៃអង្គារ បន្ទាប់ពីការផ្អាកដំបូងកាលពីថ្ងៃចន្ទ។

ការិយាល័យឧតុនិយមឡាវក៏បានព្រមានសហគមន៍ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនទប់ទល់ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលអាចបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់ភ្លាមៗ ដោយជំរុញឱ្យពលរដ្ឋតាមដានការព្យាករណ៍ និងការព្រមានផ្លូវការឱ្យដិតដល់៕

ប្រភព ៖ ស៊ីនហួរ