ក្រសួងសុខាភិបាល ឱ្យពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងគោរពបទដ្ឋានវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់ ។ ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងដូចនេះ នាព្រឹកថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលានាពេលនេះ ដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលអន្តរជាតិ ICARS និងកិច្ចសហការគាំទ្ររបស់អង្គការសុខភាពពិភពលោក ព្រមទាំងក្រុមការងារដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងស្របពេលដែលក្រសួងសុខាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ទៅនឹងការគំរាមកំហែងពីការកើនឡើង នៃភាពស៊ាំនៃមេរោគជាមួយនឹងឱសថប្រឆាំងមេរោគ។

សូមជម្រាបជូនថាសិក្ខាសាលានេះ រៀបចំរយៈពេល២ថ្ងៃ នៅសណ្ឋាគារសុខាភ្នំពេញ មានការអញ្ជើញចូលរួមពី ថា្នក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តំណាងមជ្ឈមណ្ឌលអន្តរជាតិ ICARS អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងមន្ទីរពេទ្យខេត្ត ស្រុក និង ភ្ញៀវជាតិ និងអន្តរជាតិ និងតាមប្រព័ន្ធ Zoom នូវក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុក និងក្រុមការងារ AMS៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ