សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី ៨០ឆ្នាំមុន ជាកម្លាំងជំរុញបណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម

(ហាណូយ)៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទិវាបុណ្យឯករាជ្យជាតិវៀតណាម មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញ សម្រាប់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម ។ នេះបើតាមបណ្ដាញសង្គមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។

​ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិ និងពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យសម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី ៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរ ងើបឈរ ឡើងតស៊ូ ដើម្បីឯករាជ្យ ពីអាណានិគមនិយម ហើយការប្រារព្ធពិធីនេះ ក៏ជាឱកាសសម្រាប់វៀតណាមរំលឹក និងតបស្នងសងគុណ ដល់គុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំជើងចាស់វីរយុទ្ធជនពលីជនរួមជាតិ និងសមមិត្តរបស់វៀតណាមដែលបាន ប្រយុទ្ធលះបង់ និងពលីជីវិតសម្រាប់ ឯករាជ្យ។

ក្នុងពិធីដ៏មហោឡាឬកនេះ ក៏មានការបង្ហាញ ក្បួនព្យុះហយាត្រា ទាំងស៊ីវិល និងយោធា ដែលមានកងកម្លាំងទ័ព និងកងកម្លាំងសន្តិសុខ សាធារណៈ របស់ វៀតណាម ចូលរួមសរុបជិត ១៦,០០០នាក់។ ដោយឡែក កងទ័ពបរទេសចំនួន ៣ប្រទេស ក៍បានចូលរួមផងដែរ ក្នុងនោះមាន កងទ័ពនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី, កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជា ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ បក្សកុម្មុយនីស្តវៀតណាម ដែលមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការជាប្រមុខដឹកនាំ រដ្ឋាភិបាល និងប្រជាជនវៀតណាម បានដាក់ចេញទិសដៅ សហស្សវត្សរ៍ចំនួនពីរ ដែលនឹងត្រូវសម្រេចឱ្យបាន នាពេលអនាគត គឺ ៖ ទី១ ក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម និងទី២ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដើម្បីលើកស្ទួយកិត្យានុភាព និងតួនាទីរបស់វៀតណាមនៅលើឆាកតំបន់ និងអន្តរជាតិ ។

នៅក្នុងពីធីនេះ ក្រៅពីវត្តមានសម្តេចតេជោ ហ៊ុន សែន ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតរួមមាន៖ ឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តឡាវ និងឯកឧត្តម មីហ្គែល ឌីយែស ខានែល បឺមុដេហ្ស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី នៃប្រទេសគុយបា និងឯកឧត្តម Zhao Leji ប្រធានសភាប្រជាជនចិនផងដែរ ៕