ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Vladimir Putin បានចាប់ផ្ដើមកិច្ចចរចាទ្វេភាគី នៅទីក្រុងប៉េកាំង ពោលគឺនៅមុនថ្ងៃប្រារព្ធព្រឹត្តិការណ៍ព្យុហយាត្រាយោធាដ៏ធំ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន។
លោក Putin បានពោលសរសើរទំនាក់ទំនង រវាងប្រទេសទាំង២ ដោយនិយាយថា ការប្រាស្រ័យទាក់ទងនេះ ស្ថិតក្នុង «កម្រិតមួយដែលមិនធ្លាប់មានពីមុនមក» ហើយលោកបានបន្ថែមថា ការចូលកៀកគ្នាកាន់តែជិតស្និទ្ធរបស់ប្រទេសទាំង២ នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី-ចិន»។
បើយោងតាមវីដេអូដែលត្រូវបានចេញផ្សាយនៅលើកម្មវិធីផ្ញើសារ Telegram ផ្លូវការរបស់វិមានក្រឹមឡាំង បានបង្ហាញថា អំឡុងកិច្ចពិភាក្សាទ្វេភាគីនោះ លោក Putin បានថ្លែងទៅកាន់លោក Xi ថា៖ «មិត្តជាទីគោរពស្រឡាញ់ ទាំងខ្ញុំ និងគណៈប្រតិភូរុស្សីទាំងមូល មានសេចក្តីសោមនស្សរីករាយដែលបានជួបជាមួយមិត្ត និងសហការីចិនរបស់ពួកយើងម្តងទៀត»។
លោក Putin បានបន្ថែមថា៖ «ទំនាក់ទំនងជិតស្និទ្ធរបស់ពួកយើង ឆ្លុះបញ្ចាំងពីលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី-ចិន ដែលស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក។ យើងតែងតែនៅជាមួយគ្នា ពីពេលមុន ហើយយើងនៅតែនៅជាមួយគ្នាដដែលឥឡូវនេះ»។
ចំណែកលោក Xi បានប្រាប់ទៅលោក Putin វិញថា៖ «ទំនាក់ទំនងចិន-រុស្ស៊ី បានទប់ទល់នឹងការសាកល្បងនៃការផ្លាស់ប្តូរជាអន្តរជាតិ» ហើយមេដឹកនាំចិនបានបន្ថែមថា ទីក្រុងប៉េកាំងមានឆន្ទៈ ក្នុងការធ្វើការជាមួយទីក្រុងមូស្គូ ដើម្បី «លើកកម្ពស់ការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលត្រឹមត្រូវ និងសមហេតុផល»។
គួរបញ្ជាក់ថា លោក Xi គ្រោងនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ភ្ញៀវជាថ្នាក់ដឹកនាំធំៗជាមួយនឹងពិធីព្យុហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសចិន នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) ដែលនឹងជាការប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់របស់ជប៉ុន នៅក្នុងប្រទេសចិន នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។ ព្រឹត្តិការណ៍នេះកើតឡើងនៅពេលដែលលោក Xi ប្រឹងប្រែងបង្ហាញបីអំណាចរបស់ទីក្រុងប៉េកាំង នៅលើឆាកអន្តរជាតិ មិនត្រឹមតែជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឥទ្ធិពលផ្នែកការទូតផងដែរ៕
Leave a Reply