ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ២កញ្ញាសប្ដាហ៍នេះថារូបលោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការបរាជ័យរបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ប៉ុន្តែលោកពុំបានផ្តល់ការបញ្ជាក់ច្បាស់លាស់ទេថាតើផលវិបាកអ្វី ដែលទីក្រុងមូស្គូអាចប្រឈម។
ចាប់តាំងពីជួបជាមួយលោក Putin នៅរដ្ឋអាឡាស្កា កាលពីខែមុន មក លោក Trump បានជំរុញមេដឹកនាំវិមានក្រឹមឡាំងរូបនេះឱ្យជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។ ផ្ទុយទៅវិញ រុស្ស៊ី បានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងគីវ ដោយទាក់ទាញការរិះគន់ជាថ្មីពីរដ្ឋធានីវ៉ាស៊ីនតោន និងបណ្ដាមេដឹកនាំរបស់សហភាពអឺរ៉ុប។
លោក Trump បានប្រាប់កម្មវិធីវិទ្យុ Scott Jennings ថា រូបលោកមានការខកចិត្តខ្លាំងណាស់ចំពោះប្រធានាធិបតី Putin។យើងមានទំនាក់ទំនងដ៏ល្អមួយគ្នា តែលោកពិតជាខកចិត្តណាស់។លោកពុំបានបញ្ជាក់ទេថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការបែបណា ប្រសិនបើថ្ងៃផុតកំណត់ដែលលោកបានដាក់សម្រាប់កិច្ចព្រមព្រៀង ដែលនឹងត្រូវផុតកំណត់នៅសប្តាហ៍នេះ។
នៅពេលត្រូវបានសួរនៅការិយាល័យប្រធានាធិបតី Oval Office ថាតើលោកបាននិយាយជាមួយលោក Putinដែរទេនាពេលថ្មីៗនេះ លោក Trump បានបង្ហើបថា មានការវិវត្តថ្មីៗច្រើន លោកបានដឹងបញ្ហាជាច្រើនដែលជារឿងគួរឲ្យចាប់អារម្មណ៍ លោកគិតថាប៉ុន្មានថ្ងៃខាងមុខអ្នកទាំងអស់គ្នានឹងបានដឹង។លោកបន្ថែមថា នឹងមានផលវិបាកច្រើនបើលោក Putin និងលោក Zelenskyy មិនព្រមជួបគ្នា៕
Leave a Reply