ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា យោធារបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ១១នាក់ កាលពីថ្ងៃអង្គារ (២ កញ្ញា) ក្នុងការវាយប្រហារលើទូកមួយគ្រឿងពីប្រទេសវេណេស៊ុយអេឡា ដែលត្រូវចោទប្រកាន់ថាមានផ្ទុកសារធាតុញៀនខុសច្បាប់ នៅក្នុងប្រតិបត្តិការដែលគេបានដឹងជាលើកដំបូង ចាប់តាំងពីការដាក់ពង្រាយនាវាចម្បាំងនាពេលថ្មីៗនេះរបស់រដ្ឋបាលលោក ទៅកាន់ភាគខាងត្បូងតំបន់ការ៉ាអ៊ីប។
លោក Trump ប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ទើបតែប៉ុន្មាននាទីចុងក្រោយនេះ អាមេរិកបានបាញ់ប្រហារទូកមួយគ្រឿង ទូកដឹកគ្រឿងញៀន ហើយមានគ្រឿងញៀនយ៉ាងច្រើនក្នុងទូកនោះ”។ លោកបន្តថា៖ “នៅមានសកម្មភាពដឹកគ្រឿងញៀនបែបនេះជាច្រើនទៀត ដែលហូរចូលសហរដ្ឋអាមេរិកយូរមកហើយ… ទាំងអស់នេះបានមកពីវេណេស៊ុយអេឡា”។
ក្រោយមក ប្រធានាធីបតីអាមេរិករូបនេះក៏បានបង្ហោះវីដេអូដែលហាក់ដូចជាប្រតិបត្តិការយោធាលើបណ្ដាញសង្គម Truth Social របស់លោក ដោយសរសេរថា “ការវាយប្រហារនេះបានសម្លាប់ភេរវករ ១១នាក់ ដោយពុំមានកងកម្លាំងអាមេរិកណាម្នាក់រងគ្រោះថ្នាក់ក្នុងប្រតិបត្តិការនេះទេ”។
ការសម្រេចចិត្តបំផ្ទុះទូកសង្ស័យដឹកគ្រឿងញៀនឆ្លងកាត់សមុទ្រការ៉ាអ៊ីប ជំនួសឱ្យការរឹបអូសនិងចាប់ខ្លួនអ្នកនៅលើទូកនោះ គឺពិតជាសកម្មភាពមិនធម្មតានោះទេ ដែលធ្វើឱ្យគេនឹកឃើញដល់ការប្រយុទ្ធរបស់អាមេរិក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនានា ដូចជាក្រុមអាល់កៃដាជាដើម៕
Leave a Reply