អឺរ៉ុបចាត់ទុករុស្ស៊ី ចិន និងកូរ៉េខាងជើង ជាបញ្ហាប្រឈមផ្ទាល់ ចំពោះប្រព័ន្ធអន្តរជាតិ

ព្រុចសែល ៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas និយាយថា វត្តមានរបស់មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅឯក្បួនដង្ហែដ៏ធំមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកថ្មីប្រឆាំងនឹងលោកខាងលិច។

លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានថា ក្រឡេកទៅមើលលោកប្រធានាធិបតី ស៊ី ឈរជាមួយមេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ កូរ៉េខាងជើង នៅទីក្រុងប៉េកាំងថ្ងៃនេះ ទិដ្ឋភាពនេះមិនមែនគ្រាន់តែជាការប្រឆាំងនឹងលោកខាងលិចប៉ុណ្ណោះទេ វាក៏ជាបញ្ហាប្រឈមផ្ទាល់ចំពោះប្រព័ន្ធអន្តរជាតិដែលបង្កើតឡើងដោយច្បាប់ផងដែរ។

លោកស្រី Kallas បានបញ្ជាក់ថា យើងកំពុងជួបប្រទះការប៉ុនប៉ងដោយចេតនា ដើម្បីផ្លាស់ប្តូរច្បាប់ទម្លាប់អន្តរជាតិ។ ចិន និងរុស្ស៊ីក៏និយាយផងដែរ អំពីការរួមគ្នាឈានមុខគេ ដើម្បីជំរុញការផ្លាស់ប្តូរមិនធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំ និងការពិនិត្យឡើងវិញនៃសណ្តាប់ធ្នាប់សន្តិសុខពិភពលោក។

លោកស្រី Kallas បានសង្កត់ធ្ងន់ទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ អឺរ៉ុបចាំបាច់ត្រូវមានភាពបត់បែនផ្នែក “អំណាចភូមិសាស្ត្រនយោបាយ” របស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីប្រឈមមុខនឹងការចលាចលជាសកល៕

ប្រភព ៖ AFP