ការព្រមព្រៀងគ្នា៥ចំណុច រវាងបក្សប្រជាជនថៃ និងបក្សភូមិចៃថៃ ដើម្បីឱ្យលោក Anutin អាចក្លាយជានាយករដ្ឋមន្រ្តីថ្មី

(បាងកក)៖ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រដ្ឋសភានៅប្រទេសថៃ នឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra នៃគណបក្សភឿថៃ ត្រូវបានតុលាការធម្មនុញ្ញដកតំណែងជាផ្លូវការ កាលពីសប្តាហ៍មុន។

មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដូច្នេះដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី បក្សរបស់លោក ក៏បានចុះកិច្ចព្រមព្រៀងជាមួយ​គណបក្សប្រជាជនថៃ ដែលជាបក្សមានអាសនៈច្រើនជាងគេបង្អស់នៅក្នុងរដ្ឋសភា។

បក្សប្រជាជនថៃ បានដាក់លក្ខខណ្ឌ៥ចំណុច ឱ្យបក្សភូមិចៃថៃទទួលយក បើចង់បានការគាំទ្រពីខ្លួនក្នុងការបោះឆ្នោត។ លក្ខខណ្ឌទាំង៥នោះ រួមមាន៖

ទី១ រំលាយសភាក្នុងរយៈពេល៤ខែ ក្រោយបង្កើតរដ្ឋាភិបាលថ្មី។

ទី២ ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា ចាំបាច់ត្រូវមានការធ្វើប្រជាមតិ មុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ គណៈរដ្ឋមន្រ្តីរបស់លោក Anutin នឹងត្រូវរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មី។

ទី៣ ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា ពុំចាំបាច់មាន​ការធ្វើប្រជាមតិទេនោះ សេចក្តីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវរៀបចំឡើងឱ្យឆាប់ៗ ដើម្បីចាប់ផ្តើមនិតីវិធីព្រាងរដ្ឋធម្មនុញ្ញថ្មី។

ទី៤ បក្សភូមិចៃថៃ មិនត្រូវធ្វើសកម្មភាពដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនឡើយ។

ទី៥ បក្សប្រជាជនថៃ នឹងនៅបន្តធ្វើជាបក្សប្រឆាំង ដើម្បីពិនិត្យតាមដានសកម្មភាពរដ្ឋាភិបាលថ្មី ដោយពុំមានសមាជិកណាមួយ ទទួលបានតំណែងជារដ្ឋមន្រ្តីនោះទេ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *