អភិបាលខេត្តបាត់ដំបងចុះពិនិត្យស្ថានភាពទឹក និងទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ ស្រុករតនមណ្ឌល និងស្រុកសំឡូត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា ស្ថានភាពទឹកស្ទឹងសង្កែ និងស្ទឹងនានាបានស្រកទៅវិញបន្តិចហើយ ប៉ុន្តែសូមបងប្អូនដែលរស់នៅតាមដងស្ទឹងសង្កែមេត្តាបន្តប្រុងប្រយ័ត្នខ្ពស់។

លោក សើ សាម៉េត អភិបាលស្រុកសំឡូត ថ្លែងឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតបានស្រកវិលទៅរកប្រក្រតីភាពវិញហើយ ខណៈជំនន់ទឹកភ្លៀងរយៈពេលខ្លីនេះបង្កផលប៉ះពាល់តិចតួចបំផុតចំពោះផលដំណាំមួយចំនួន។

ជាមួយគ្នានោះ អភិបាលស្រុកសំឡូត បានថ្លែងអំណរគុណដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងដែលបានចុះពិនិត្យផ្ទាល់ពីស្ថានភាពទឹក និងទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងហើយក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានសម្រេចផ្ដល់ស្ពានថ្មីមួយកន្លែងស្ថិតនៅចំណុច៥៨ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដែលស្ពាននេះតែងតាំងខូចខាតជារៀងរាល់ឆ្នាំដោយសារទឹកជំនន់។

​សូមរំលឹកថា ទោះបីជាស្ថានភាពទឹកបានស្រកទៅវិញ ប៉ុន្តែដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុរដ្ឋបាលខេត្តបាត់ដំបងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំ ទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយ អាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។

រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ លើសុខភាពអនាម័យដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ។រដ្ឋបាលខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបករណីមានគ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ពេលវេលា៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *