អាជ្ញាធរ កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) បានឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងនៅរោងចក្រផលិតគ្រឿងផ្ទុះមួយ ក្នុងរដ្ឋ Tennessee របស់សហរដ្ឋអាមេរិក បានបណ្ដាលឲ្យមនុស្ស ១៦នាក់បាត់បង់ជីវិត ជាការកែសម្រួលចំនួនអ្នកស្លាប់ ដោយសារមនុស្ស ២នាក់ផ្សេងទៀត ដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួន ហើយសន្មតថា ស្លាប់នោះ ត្រូវបានរកឃើញនៅមានជីវិត។
គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះនោះបានកើតឡើងកាលពីថ្ងៃសុក្រ ក្នុងទីក្រុង Bucksnort នៅឯរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុន Accurate Energetic Systems ជាក្រុមហ៊ុនផលិតគ្រឿងផ្ទុះ សម្រាប់គោលបំណងយោធា និងការកម្ទេចចោល។
យោងតាមសេចក្តីរាយការណ៍ពីបណ្ដាញសារព័ត៌មាន បានឲ្យដឹងថា ការផ្ទុះនេះបានបំផ្លាញអគារទាំងមូល នៅឯបរិវេណដ៏ធំរបស់រោងចក្រនេះ រង្គើផ្ទះសម្បែងជាច្រើនខ្នងរាប់គីឡូម៉ែត្រ និងបានធ្វើឲ្យកម្ទេចកម្ទីហោះប៉ើងទៅលើអាកាស។
បន្ទាប់ពីបានរាយការណ៍ដំបូងថា មនុស្ស ១៨នាក់ ត្រូវបានសន្មត់ថា ស្លាប់ តម្រួតតំបន់ Humphreys County លោក Chris Davis បាននិយាយថា៖ «យើងអាចកំណត់ និងដឹងថា មនុស្ស ២នាក់ផ្សេងទៀតមិនស្ថិតនៅទីតាំងកើតហេតុនោះទេ»។
ដោយសាររថយន្ត និងរបស់របរផ្ទាល់ខ្លួនរបស់អ្នកទាំង២ ត្រូវបានប្រទះឃើញនៅកន្លែងកើតហេតុ ទើបនាំឲ្យមានការជឿនៅមុននោះថា ពួកគេស្ថិតនៅក្នុងចំណោមជនរងគ្រោះផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Accurate Energetic Systems បានពណ៌នាការផ្ទុះនេះថា ជា «គ្រោះថ្នាក់ដ៏អាក្រក់បំផុត»។
លោក Brice McCracken មន្ត្រីមកពីការិយាល័យទទួលបន្ទុកត្រួតពិនិត្យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃសៅរ៍ថា ពេលនេះ អាជ្ញាធរ «មិនទាន់មានតម្រុយច្បាស់លាស់ ក្នុងការកំណត់ប្រភពដើម និងមូលហេតុពិតប្រាកដនៃការផ្ទុះនេះនៅឡើយទេ»៕

Leave a Reply