ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលពេញមួយយប់ទៅលើទីតាំងជនស៊ីវិល ដែលត្រូវបានរាយការណ៍ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងដែលអ៊ីស្រាអែល បានប្រាប់ថា ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា។
លោក Aoun បាននិយាយថា៖ «ជាថ្មីម្តងទៀត ភាគខាងត្បូងប្រទេសលីបង់ គឺជាគោលដៅនៃការឈ្លានពានដ៏អាក្រក់របស់អ៊ីស្រាអែល ប្រឆាំងនឹងទីតាំងស៊ីវិល ដោយមិនបានផ្ដល់ហេតុផល ឬលេសអ្វីឡើយ»។ លោកបានបន្ថែមថា «ភាពធ្ងន់ធ្ងរនៃការវាយប្រហារចុងក្រោយនេះ គឺស្ថិតនៅលើការពិត ដែលថា វាកើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សា» ដោយចោទសួរថា តើឥឡូវនេះអ៊ីស្រាអែល បានព្យាយាមពង្រីកការវាយប្រហាររបស់ខ្លួនលើប្រទេសលីបង់មែនទេ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា មនុស្សម្នាក់ បានបាត់បង់ជីវិត ហើយ ៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារលើតំបន់ Al-Msayleh។
ភ្លាមៗបន្ទាប់ពីនោះ យោធាអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវករហេសបូឡា នៅតំបន់ភាគខាងត្បូងលីបង់ ជាទីដែលគ្រឿងចក្រវិស្វកម្មត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធភេរវករ នៅក្នុងតំបន់នោះ។
នៅយប់ថ្ងៃទី១១ ខែតុលា ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលមួយផ្សេងទៀតលើរថយន្ត នៅតំបន់ Burj al-Qalaouiyah ជាតំបន់ភាគខាងត្បូងលីបង់ដែរនោះ បានសម្លាប់មនុស្សម្នាក់។ យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះឡើយ ពាក់ព័ន្ធនឹងការលើកឡើង អំពីវាយប្រហារ នៅតំបន់ Burj al-Qalaouiyah នេះ៕

Leave a Reply