ខ្យល់ព្យុះសង្ឃរា Melissa ដ៏មានឥទ្ធិពល បានបោកបក់ឆ្លងកាត់ភាគខាងជើងតំបន់សមុទ្រការ៉ាអ៊ីប កាលពីថ្ងៃពុធ (២៩ តុលា) បន្ទាប់ពីបានវាយប្រហារទីក្រុងធំបំផុតទីពីររបស់ប្រទេសគុយបា ដោយជន់លិចសហគមន៍ជនបទរាប់រយកន្លែង ព្រមទាំងបង្កការបំផ្លិចបំផ្លាញក្នុងប្រទេសហ្សាម៉ាអ៊ីក ជាទីដែលមនុស្សយ៉ាងតិច ៤នាក់ស្លាប់ ហើយបង្កជាទឹកជំនន់ដល់ប្រទេសហៃទី ដែលឆក់ជីវិតមនុស្សប្រមាណ ២៥នាក់ផ្សេងទៀត។
ដំបូង ព្យុះ Melissa បានវាយប្រហារហ្សាម៉ាអ៊ីក កាលពីថ្ងៃអង្គារ ក្នុងប្រភេទព្យុះសង្ឃរាដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានដែលវាយប្រហារដោយផ្ទាល់លើច្រាំងសមុទ្ររបស់ប្រទេសនេះ ជាមួយនឹងកម្លាំងខ្យល់ដ៏កំណាច ២៩៨គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺលើសពីកម្លាំងអប្បបរមាសម្រាប់ព្យុះប្រភេទទី៥ ទៅទៀត ដែលជាចំណាត់ថ្នាក់ខ្លាំងបំផុតរួចទៅហើយសម្រាប់ព្យុះសង្ឃរា។
ទីភ្នាក់ងារព្យាករអាកាសធាតុរបស់សហរដ្ឋអាមេរិក AccuWeather បាននិយាយថា ព្យុះ Melissa នេះជាព្យុះសង្ឃរាដែលមានកម្រិតខ្លាំងបំផុតទី៣ របស់តំបន់ការ៉ាអ៊ីប ហើយការរំកិលយឺតៗបំផុតរបស់ព្យុះ បានធ្វើឱ្យការបំផ្លិចបំផ្លាញកាន់តែមហន្តរាយជាពិសេស។
ព្យុះនេះមិនបានវាយប្រហារដោយផ្ទាល់លើហៃទី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅការ៉ាអ៊ីបនោះទេ ប៉ុន្តែបានបង្អុលភ្លៀងជាច្រើនថ្ងៃ ហើយអាជ្ញាធររាយការណ៍ថា មានមនុស្សស្លាប់យ៉ាងតិច ២៥នាក់ និងរាប់ម៉ឺននាក់រងផលប៉ះពាល់។ នៅហ្សាម៉ាអ៊ីក ទីភ្នាក់ងារ AccuWeather ប៉ាន់ប្រមាណថា ព្យុះ Melissa បង្កផលប៉ះពាល់គិតជាទឹកប្រាក់ចំនួន ២២ពាន់លានដុល្លារ ទាំងការខូចខាតផ្សេងៗ និងសេដ្ឋកិច្ច ហើយការកសាងឡើងវិញអាចចំណាយពេលដល់ទៅ ១ទសវត្សរ៍ ឬច្រើនជាងនេះ៕




Leave a Reply