ការិយាល័យថវិកាសភា (CBO) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៩ តុលា) បានឱ្យដឹងថា ការបិទរដ្ឋាភិបាលសហព័ន្ធ អាចធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ខាតចន្លោះពី ៧ពាន់លានដុល្លារ ទៅដល់ ១៤ពាន់លានដុល្លារ ដោយកាត់បន្ថយរហូតដល់ ២% ចេញពីតួលេខផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទី៤នេះ ដោយសារតែការអាក់ខាននៃចំណាយរបស់រដ្ឋាភិបាល។
ការបិទរដ្ឋាភិបាលដោយផ្នែកនេះគឺនៅក្នុងថ្ងៃទី២៩ របស់ខ្លួនហើយ (គិតតាមពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ដោយទីបញ្ចប់នៅតែស្រពេចស្រពិល ដោយសារព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋ បានអំពាវនាវឱ្យបក្សប្រជាធិបតេយ្យ គាំទ្រវិធានផ្តល់មូលនិធិបណ្ដោះអាសន្នដល់ទីភ្នាក់ងារសហព័ន្ធ ដើម្បីបើករដ្ឋាភិបាលឡើងវិញរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ប៉ុន្តែបក្សប្រជាធិបតេយ្យទទូចឱ្យមានការចរចាដើម្បីពង្រីកឥណទានពន្ធសហព័ន្ធដែលផុតកំណត់ ដើម្បីជួយជនជាតិអាមេរិកទិញធានារ៉ាប់រងសុខភាពឯកជន តាមរយៈច្បាប់ថែទាំសុខភាពដែលមានតំលៃសមរម្យ។
ការិយាល័យ CBO បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនឹងរងទុក្ខលំបាក ដោយសារការពន្យារពេលចំណាយសហព័ន្ធសម្រាប់សំណងបុគ្គលិក ទំនិញ និងសេវាកម្ម និងអត្ថប្រយោជន៍លើអាហារ សម្រាប់ជនជាតិអាមេរិក ដែលមានចំណូលទាប។
នាយកទីភ្នាក់ងារ CBO លោក Phillip Swagel បាននិយាយក្នុងលិខិតមួយចុះថ្ងៃទី២៩ ខែតុលា ទៅកាន់គណៈកម្មាធិការថវិកាសភាតំណាងរាស្រ្តថា “ទោះបីជាការធ្លាក់ចុះភាគច្រើនក្នុង GDP ពិតប្រាកដនឹងត្រូវបានស្តារឡើងវិញក៏ដោយ ប៉ុន្តែ CBO បានប៉ាន់ប្រមាណថា ការខាតបង់ចន្លោះពី ៧ពាន់លានដុល្លារទៅ ១៤ពាន់លានដុល្លារ នឹងកើតមាន”៕



Leave a Reply