មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថានឹងមិនបោះបង់គម្រោងឈ្លបយកការណ៍អវកាសឡើយ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា សមត្ថភាពឈ្លបយកការណ៍អវកាសមានសារៈសំខាន់ណាស់សម្រាប់ការការពារខ្លួនរបស់ជាតិប្រឆាំងនឹងការគំរាមកំហែងរបស់សត្រូវ ហើយប្រទេសនេះនឹងមិនបោះបង់ចោលការតស៊ូដើម្បីកាន់កាប់សមត្ថភាពនេះទេ។

 

ការប៉ុនប៉ងរបស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃចន្ទ បានបរាជ័យ បន្ទាប់ពីយានជំរុញដំណាក់កាលដំបូងបានផ្ទុះនៅក្នុងការហោះហើរ។ លោក គីម បាននិយាយថា «ការមានផ្កាយរណបឈ្លបយកការណ៍យោធា គឺជាកិច្ចការសំខាន់មួយ ដើម្បីពង្រឹងការការពារជាតិ និងការពារអធិបតេយ្យភាព និងសន្តិសុខជាតិពីការគំរាមកំហែងដែលអាចកើតមាន ដោយសារតែសកម្មភាព និងការបង្កហេតុរបស់យោធាសហរដ្ឋអាមេរិក»។

ទោះបីជាមានការបរាជ័យនេះក៏ដោយ ក្រុមអ្នកជំនាញបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបចុងក្រោយបង្អស់ដោយកូរ៉េខាងជើង បង្ហាញពីការបោះជំហានថ្មីក្នុងការប្រណាំងប្រជែងអវកាសរបស់ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនថ្មីដែលបំពាក់ដោយអុកស៊ីសែនរាវ និងប្រេងឥន្ធនៈ។

អ្នកជំនាញម្នាក់បាននិយាយថា ការរចនានេះបង្ហាញថា រុស្ស៊ី ប្រហែលជាបានផ្តល់ជំនួយក្នុងការសាងសង់យាននេះ ដោយហៅវាថាជា «ការលោតផ្លោះដ៏ធំមួយ»។ កូរ៉េខាងជើង និងរុស្ស៊ី បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការយោធា ចាប់តាំងពីកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីឆ្នាំមុនមក៕