ប្រទេសអាល់ហ្សេរីស្នើឲ្យUN ចាត់វិធានការបញ្ឈប់ការសម្លាប់មនុស្ស នៅទីក្រុងរ៉ាហ្វា

ប្រទេសអាល់ហ្សេរីកាលពីថ្ងៃអង្គារ បានស្នើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់មួយ នៅតំបន់ហ្កាហ្សាស្ទ្រីប ការដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស និងជាសំខាន់បញ្ជាឲ្យអ៊ីស្រាអែល «បញ្ឈប់ការវាយលុកយោធារបស់ខ្លួនជាបន្ទាន់» នៅទីក្រុងរ៉ាហ្វា។

ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅអង្គការសហប្រជាជាតិ លោក Amar Bendjama បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារនៃស្ថាប័នសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក ១៥ប្រទេស នៅតំបន់ហ្កាហ្សាថា គោលបំណងនៃការផ្លាស់ប្តូរនេះ គឺដើម្បី «បញ្ឈប់ការសម្លាប់មនុស្សនៅ «ទីក្រុងរ៉ាហ្វា» ។ អាល់ហ្សេរី គឺជាសមាជិកក្រុមប្រឹក្សាសម្រាប់ឆ្នាំ ២០២៤-២០២៥។

អត្ថបទសេចក្តីព្រាងរបស់អាល់ហ្សេរីដែលបានឃើញដោយសារព័ត៌មានរ៉យទ័រ ប្រើភាសាខ្លាំងបំផុតរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយសម្រេចចិត្តថា អ៊ីស្រាអែលដែលជាប្រទេសកាន់កាប់អំណាច នឹងបញ្ឈប់ការវាយលុកយោធារបស់ខ្លួនភ្លាមៗ និងសកម្មភាពផ្សេងទៀត នៅក្នុងទីក្រុងរ៉ាហ្វា។

សេចក្តីព្រាងនោះ ក៏បានលើកឡើងពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិកាលពីសប្តាហ៍មុន ដែលបានបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការវាយលុកយោធារបស់ខ្លួន លើទីក្រុងរ៉ាហ្វា នៅក្នុងសេចក្តីសម្រេចជាបន្ទាន់ដ៏សំខាន់មួយ នៅក្នុងសំណុំរឿងរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលចោទប្រកាន់ អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍។

អ្នកការទូត បាននិយាយថា ក្រុមប្រឹក្សានេះ អាចបោះឆ្នោតក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។

ចំណាត់ការនេះ កើតឡើងបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យ បានដុតបំផ្លាញជំរំមួយ នៅក្នុងតំបន់មនុស្សធម៌រ៉ាហ្វា នៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥ នាក់។ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយមិនមានបំណងធ្វើបាបជនស៊ីវិលឡើយ។