អតីតរដ្ឋអាជ្ញាប្រល័យពូជសាសន៍UN៖ ការគំរាមរបស់លោកTrump ប្រឆាំងនីហ្សេរីយ៉ានឹងទាមទារការអនុម័តពីក្រុមប្រឹក្សាសន្តិសុខ

អតីតរដ្ឋអាជ្ញានៃអំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកាថា រាល់អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកណាមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា ជុំវិញការចោទប្រកាន់ពីបទធ្វើទុក្ខបុកម្នេញខាងសាសនា នឹងត្រូវការការអនុម័តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈសារព័ត៌មានរបស់នីហ្សេរីយ៉ា បានរិះគន់ខ្លាំងៗនូវអ្វីដែលពួកគេចាត់ទុកថាការគំរាមកំហែងឈ្លានពានរបស់សហរដ្ឋអាមេរិក។

លោក Charles Adeogun-Phillips ដែលកាលពីពេលមុនធ្លាប់ជារដ្ឋអាជ្ញានៃអំពើប្រល័យពូជសាសន៍ និងជាប្រធានផ្នែកស៊ើបអង្កេតពិសេសនៅអង្គការសហប្រជាជាតិ បាននិយាយថា ការឯកភាពជាអន្តរជាតិនឹងត្រូវការ នៅមុនពេលជ្រៀតជ្រែកជាមួយដែនអធិបតេយ្យភាពរបស់ប្រទេសនីហ្សេរីយ៉ា។

លោក Adeogun-Phillips បានប្រាប់សារព័ត៌មានរ៉យទ័រថា «ជារឿយៗ វានឹងក្លាយជាករណីដែលបញ្ហានេះនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសេចក្តីសម្រេចនឹងត្រូវបានអនុម័ត ប្រសិនបើវាឈានដល់ដំណាក់កាលមួយដោយផ្អែកលើការពិតដែលថា អំពើឃោរឃៅបែបនេះអាចជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក» ។

លោក Adeogun-Phillips ដែលជាអ្នកតស៊ូមតិជាន់ខ្ពស់របស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកសង្ស័យថាប្រទេសនីហ្សេរីយ៉ាបានរំលោភលើកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ នោះខ្លួនអាចនឹងរៀបចំសំណុំរឿងនៅតុលាការយុត្តិធម៌អន្តរជាតិ។