មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈព្យុះទីហ្វុងKalmaegi ខិតជិតប្រទេសហ្វីលីពីន

មនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីតំបន់ឆ្នេរនៅភាគខាងកើតប្រទេសហ្វីលីពីន មុនពេលព្យុះទីហ្វុង Kalmaegi ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីគោក។

ក្រុមអ្នកព្យាករបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះ និងសន្ទុះខ្យល់បក់មានរហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះត្រូវបានគេរំពឹងថានឹងមកដល់ឆ្នេរសមុទ្រ។

មនុស្សជាង៧០.០០០នាក់នៅក្នុងទីក្រុងឆ្នេរសមុទ្រ Guiuan និងទីក្រុង Salcedo នៅលើកោះ Samar និងMercedes ក្នុងខេត្ត Camarines Norte ត្រូវបានបញ្ជាឱ្យជម្លៀសទៅកាន់មជ្ឈមណ្ឌលជម្លៀស ឬអគាររឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងឥទ្ធិពលព្យុះទីហ្វុង។ អាជ្ញាធរក៏បានហាមឃាត់ អ្នកនេសាទមិនឱ្យចេញទៅសមុទ្រ ខណៈព្យុះខិតជិតមកដល់។ ព្យុះនេះត្រូវបានគេព្យាករថានឹងបោកបក់ដល់ដីគោកក្នុងពេលឆាប់ៗដែលនឹងវាយបក់លើទីក្រុងជាច្រើន។

ទីក្រុង Guiuan មិនចម្លែកចំពោះព្យុះទីហ្វុងទេ ខណៈទីក្រុងនេះត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ដែលនៅពេលនោះព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពលបំផុតមួយក្នុងកំណត់ត្រាបានវាយបោកបក់ចូលក្នុងប្រទេសហ្វីលីពីន។ ព្យុះនេះបានបណ្តាលឱ្យមនុស្សជាង៧.៣០០នាក់ស្លាប់ឬបាត់ខ្លួន និងជាង៤លាននាក់ជម្លៀសខ្លួន។