ញូវ ដេល្លី ៖ អតីតសមាជិកសភាប្រទេសឥណ្ឌា លោក Vijayasai Reddy V កាលពីថ្ងៃអង្គារបានរិះគន់យោធាថៃ ចំពោះទង្វើបំផ្លាញរូបសំណាកហិណ្ឌូដ៏ធំមួយនៅលើទឹកដីកម្ពុជា ។
តាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម X, លោក Vijayasai Reddy V រៀបរាប់ថា «ការបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ ក្រោមលេសនៃជម្លោះព្រំដែន គឺមិនអាចទទួលយកបាន និងមិនសមហេតុផលទាល់តែសោះ» ។
លោកថា «ទាំងប្រទេសថៃ និងកម្ពុជា គឺជាប្រជាជាតិដែលកាន់សាសនាព្រះពុទ្ធ ប៉ុន្តែប្រវត្តិសាស្រ្តបានកត់ត្រាពីការធ្វើទុក្ខបុកម្នេញ ម្តងហើយម្តងទៀតលើរូបសំណាកហិណ្ឌូ ជាពិសេសនេះជាសកម្មភាពប៉ុនប៉ងលុបបំបាត់និមិត្តសញ្ញាវប្បធម៌ហិណ្ឌូ ។
លោក Vijayasai Reddy V បញ្ជាក់ថា «នេះគឺជាអំពើហឹង្សាប្រឆាំងនឹងនិមិត្តសញ្ញាដ៏ពិសិដ្ឋ និង ជាការបំផ្លាញជំនឿ របស់ប្រទេសដទៃ» ។
ជាមួយគ្នានេះ អតីតសមាជិកសភារូបនេះក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឥណ្ឌា រួមទាំងលោកនាយករដ្ឋមន្ត្រី Narendra Modi និងអ្នកកាន់អំណាចផ្សេងទៀត គួរយកចិត្តទុកដាក់ចំពោះបញ្ហានេះ ជាពិសេសគួរចាត់វិធានការប្រឆាំងនឹងទង្វើបែបនេះ ។
ជុំវិញការរិះគន់ធ្ងន់ៗនេះ មិនទាន់មានប្រតិកម្មអ្វី ពីក្រសួងការបរទេសថៃ នៅឡើយទេ ៕
ប្រភព៖ Khaosod

Leave a Reply