កូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាក្បែរកោះមានជម្លោះជាមួយជប៉ុន

សេអ៊ូល ៖ កូរ៉េខាងត្បូងបានធ្វើសមយុទ្ធការពារដែនសមុទ្រ នាដើមសប្តាហ៍នេះនៅជិតកោះ ដុកដូ ដែលជាកោះមានជម្លោះជាមួយជប៉ុន ហើយនេះជាសមយុទ្ធលើកទីពីរហើយ ធ្វើឡើងក្រោមរដ្ឋាភិបាលរបស់លោកប្រធានាធិបតី លី ជេម្យុង ។ នេះបើតាមប្រភពពីយោធាកូរ៉េខាងត្បូង ។

ប្រភពបានបង្ហើបឱ្យដឹងថា យោធាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធការពារដែនសមុទ្រនៅខាងកើតជាប្រចាំជារៀងរាល់ឆ្នាំ កាលពីថ្ងៃអង្គារ៍ និងថា ល្បែងសង្គ្រាមនេះ ផ្តួចផ្តើមឡើងក្នុងគោលបំណងបំពេញបេសកកម្មការពារទឹកដី ប្រជាជន និងទ្រព្យសម្បត្តិប្រទេសរបស់ខ្លួន ។

ជាការឆ្លើយតប ក្រសួងការបរទេសជប៉ុនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសមយុទ្ធចុងក្រោយនេះ ទៅកាន់ស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសជប៉ុន និងក្រសួងការបរទេសកូរ៉េខាងត្បូង ។

កោះ ដុកដូ គឺជាដើមចងនៃភាពតានតឹងជាច្រើនលើកច្រើនសាររវាងកូរ៉េខាងត្បូង និងជប៉ុន ដោយសារតែទីក្រុងតូក្យូបន្តធ្វើការទាមទារអធិបតេយ្យភាពលើដែនកោះមួយនេះ នៅក្នុងឯកសារគោលនយោបាយ សេចក្តីថ្លែងការណ៍សាធារណៈ និងសៀវភៅសិក្សាពីប្រវត្តិសាស្រ្តរបស់ខ្លួន ។

ប៉ុន្តែកូរ៉េខាងត្បូងបានគ្រប់គ្រងកោះ ដុកដូ ពេញលេញ និងដាក់ពង្រាយកងប៉ូលិសមួយក្រុមតូចនៅទីនោះ ចាប់តាំងពីការរំដោះខ្លួនចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុនពីឆ្នាំ ១៩១០ដល់១៩៤៥ ។

ក្រោយមក កូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធការពារជាតិនៅឆ្នាំ ១៩៨៦ ហើយតែងតែធ្វើវាពីរដងក្នុងមួយឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០០៣ ។ សមយុទ្ធមុននេះ បានធ្វើឡើងក្នុងខែកក្កដា ដែលជាសមយុទ្ធការពារដែនសមុទ្រលើកដំបូង ក្រោមរដ្ឋាភិបាលរបស់លោកប្រធានាធិបតីបច្ចុប្បន្ន ៕

ប្រភព ៖ យ៉ុនហាប់