រដ្ឋមន្រ្តីសុខាភិបាល ៖ «សុខាភិបាល នៅជាមួយវីរកងទ័ព ជនភៀស​សឹក និងប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុក​នរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ»

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង​សុខា​​ភិបាល អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និង​ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមួយ​ក្រុមគ្រូពេទ្យពហុជំនាញ ឯកទេស ដើម្បីពិនិត្យពីវឌ្ឍនភាព និង​តាមដានស្ថានភាពជំងឺឱ្យកាន់តែឆាប់បានជាសះស្បើយ និងឆាប់​បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

ក្នុងឱកាសប្រជុំពិភាក្សានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែង​នូវការអរគុណ និងកោតសរសើរនូវការខិតខំ ការលះ​បង់កម្លាំង​កាយ​ចិត្ត ក្នុងការពិនិត្យព្យាបាលវីរកងទ័ពរបស់យើង នៅគ្រប់កាលៈ​ទេសៈ​ដោយមិនមានការរាថយ ទាំងនៅសមរភូមិមុខនៅតាមព្រំដែន ហើយ​អ្នកជួរក្រោយបញ្ជូនកម្លាំងជួយសហការគាំទ្រ ដល់ក្រុមគ្រូពេទ្យជួរ​មុខ។ នេះជាវីរៈភាពដ៏អង់អាចរបស់ក្រុមគ្រូពេទ្យរបស់យើង ដែល​តែង​តែនៅជាមួយវីរកងទ័ព និងប្រជាពលរដ្ឋគ្រប់សភាពការណ៍ ដោ​យ​ឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ ត្រូវបានទុកចោល ដោ​យ​មិនបានទទួលសេវាថែទាំសុខភាពនោះទេ។»

ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច​អគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា និងលោកជំទាវ សូមជូនពរដល់បងប្អូនវីរកងទាំងអស់ សូមឆាប់ជាសះស្បើយ មានសុខភាពប្រសើរឡើង ដើម្បីឆាប់បាន​វិលត្រឡប់ជួបជុំគ្រួសារ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការ​ការ​ពារជាតិមាតុភូមិ ៕