លោក Trump សរសើរពីទំនាក់ទំនងដ៏កក់ក្តៅជាមួយ អ៊ីស្រាអែល និងរិះគន់លោកស្រី Harris

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសរសើរពីទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយ លោក Benjamin Netanyahu នៅពេលលោកបានទទួលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃសុក្រ ហើយបានចោទប្រកាន់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ថាបានធ្វើអត្ថាធិប្បាយ «គ្មានការគោរព» អំពីសង្រ្គាមនៅតំបន់ហ្កាហ្សា។

លោក Netanyahu បានជួបជាមួយ លោក Trump ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋក្នុងការប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤នេះ មួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សារបស់លោក Netanyahu ជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris ដែលកំពុងឈរឈ្មោះប្រជែងជាមួយលោក Trump នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា។

លោក Trump បានស្វាគមន៍ លោក Netanyahu និងភរិយាលោកស្រី Sara នៅទីក្រុងរមណីយដ្ឋាន Mar-a-Lago រដ្ឋ Florida ហើយបានរិះគន់លោកស្រី Harris ជាអ្នកដែលបានសម្តែងការព្រួយបារម្ភបន្ទាប់ពីបានជួបមេដឹកនាំអ៊ីស្រាអែល អំពីចំនួននៃការស្លាប់ជនស៊ីវិលប៉ាឡេស្ទីន ពីយុទ្ធនាការរយៈពេល៩ខែរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលលោកTrump គិតថាការលើកឡើងរបស់លោកស្រីគ្មានការគោរព។

លោក Netanyahu បាននិយាយថា លោកសង្ឃឹមថា ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់លោក នឹងនាំទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់កាន់តែឆាប់រហ័ស។ លោកសង្ឃឹមថាដូច្នេះ ប៉ុន្តែលោកគិតថាពេលវេលានឹងឲ្យយើងដឹង។ លោកនិយាយថា មានចំណាត់ការនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតបទឈប់បាញ់មួយ ដោយសារតែសម្ពាធយោធាអ៊ីស្រាអែល ហើយលោកនឹងបញ្ជូនក្រុមការងារមួយក្រុម ទៅពិភាក្សានៅក្នុងទីក្រុងរ៉ូម។

លោក Netanyahu បានធ្វើឲ្យលោក Trump មានកំហឹង នៅពេលដែលលោក បានអបអរសាទរលោក Biden ចំពោះជ័យជម្នះរបស់លោកលើលោក Trump នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ។ លោក Trump បានអះអាងថាការបោះឆ្នោតនោះ ត្រូវបានលួចបន្លំពីលោក ដោយការក្លែងបន្លំអ្នកបោះឆ្នោត។


Comments

Leave a Reply

Your email address will not be published. Required fields are marked *